រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

សិលាចារឹកមួយផ្ទាំង ស្ថិតនៅក្នុងសម័យអង្គរ សតវត្សទី១១ត្រូវបានមន្រ្តីជំនាញយកមករក្សាទុក និងអភិរក្សនៅក្នុងមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ

នៅថ្ងៃសុក្រ ០៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានចាត់បញ្ជូនមន្ត្រីជំនាញចុះទៅធ្វើការប្រគល់ និងទទួលសិលាចារឹកមួយផ្ទាំង នៅវត្តពុទ្ធោអរហំ ហៅវត្តភ្នំដី ស្ថិតនៅភូមិខ្នារ ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីយកមករក្សាទុក និងអភិរក្សជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ។


នៅក្នុងការប្រគល់និងទទួលសិលាចារឹកនេះគឺមានការចូលរួមពីមន្រ្តីជំនាញនៃការិយាល័យបេតិកភណ្ឌ , ការិយាល័យសារមន្ទីរ, នគរបាលការពារបេតិកភណ្ឌនៃស្នងការនគរបាលខេត្ត, ប្រធានការិយាល័យវប្បធម៌ស្រុក លោកមេឃុំក្រសាំង គណៈកម្មាការ និងលោកចៅអធិការ វត្តពុទ្ធោអរហំ ហៅវត្តភ្នំដី ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ដើម្បីធ្វើជាសាក្សី ស្ថិតក្នុងបរិយាកាសការសហការណ៍ប្រកបដោយសេចក្តីរីករាយ។ សិលាចារឹកដែលទទួលបានគឺធ្វើពីថ្មភក់ ស្ថិតនៅក្នុងសម័យអង្គរ សតវត្សទី១១ យកចេញពីប្រាសាទត្រពាំងរូង មានទំហំ កម្ពស់ ១.០២ម ទទឹង០.៤៥ម និងកម្រាស់ ០.៣៥ម មានសរសេរអក្សរទាំងបួនជ្រុង ប៉ុន្តែសិលាចារឹកនេះមានការសឹករេចរិលរលុបអក្សរអស់មួយចំនួន និងបែកនៅផ្នែកខ្លះ។ បច្ចុប្បន្នសិលាចារឹកនេះត្រូវបានមន្ត្រីជំនាញ នៃមន្ទីរវប្បធម៌បានដឹកយកមករក្សាទុក និងអភិរក្សនៅក្នុងមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ។
អត្តបទដោយៈ យាន យ៉ា មន្រ្តីការិយាល័យបេតិកភណ្ឌ

អត្ថបទទាក់ទង