ខេត្តឧត្ដរមានជ័យ៖ នៅសៀលថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានដឹកនាំ កិច្ចប្រជុំ គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយអាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងនោះក៏មានការ អញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត នាយករដ្ឋបាលស្ដីទី នាយករងរដ្ឋបាល មន្ទីរអង្គភាព ពាក់ព័ន្ធ និងប្រតិភូអមដំណើរផងដែរ នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។
ឯកឧត្ដម អភិបាលខេត្ត ប៉ែន កុសល្យ បានរាយការណ៍ជូនអង្គប្រជុំដោយសង្ខេបអំពីស្ថានភាពទូទៅ ស្ថានភាពសេដ្ឋកិច្ច ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពរបស់ខេត្ត ជូនគណៈប្រតិភូ គណៈកម្មការទី៥។ ឯកឧត្តម បានបន្តថា កន្លងមកនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានខិតខំប្រឹងប្រែងអនុវត្តន៍ការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការរីកចម្រើនជឿនលឿនជារៀងរាល់ឆ្នាំស្របតាមការនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ។ ទន្ទឹមនឹងលទ្ធផលសម្រេចបានទាំងអស់នេះ រដ្ឋបាលខេត្តនៅមានកិច្ចការងារជាច្រើនទៀតដែលត្រូវអនុវត្ត និងបន្តខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមមួយចំនួន ឲ្យស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ការអភិវឌ្ឍន៍របស់ខេត្ត ឲ្យបានកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដែលបានយកចិត្តទុកដាក់ចុះបំពេញបេសកកម្មនៅខេត្តឧត្ដរមានជ័យនាពេលនេះ ដើម្បីស្វែងយល់អំពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទី៥ នៃព្រឹទ្ធសភា ទទួលខុសត្រូវ ក៏ដូចជាស្ថានភាពទូទៅនៃការរីកចម្រើនលើគ្រប់វិស័យ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ។
លោកជំទាវ ទី បូរ៉ាស៊ី បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះមិនមែនជាការដេញដោលអ្វីនោះទេ ពោលគឺគណៈកម្មការទី៥ មានបំណងចង់៖
-ស្វែងយល់អំពីបច្ចុប្បន្នភាពនៃការអនុវត្តន៍ច្បាប់ អន្តោប្រវេសន៍ ពិនិត្យប័ណ្ណឬសៀវភៅការងារ និងឯកសារផ្សេងៗរបស់ជនបរទេស ដែលកំពុងប្រកបការងារនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា ពិនិត្យលិខិតស្នាមចេញ-ចូលផ្សេងរបស់ជនបរទេស តាមច្រកទ្វាព្រំដែនខេត្តឧត្ដរមានជ័យ
-ស្វែងយល់អំពីការអនុវត្តន៍ច្បាប់ស្ដីអំពីរបបសារព័ត៌មាន បច្ចុប្បន្នភាពនៃការគ្រប់គ្រង់ប្រពន្ធផ្សព្វផ្សាយព័ត៌មានខេត្ត តាមរយៈ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងតាមប្រព័ន្ធ online
-ស្វែងយល់អំពីកិច្ចសហប្រតិបត្តិការណ៍រវាងអាជ្ញាធរច្រកទ្វារព្រំដែននៃខេត្តឧត្ដរមានជ័យ ជាមួយអាជ្ញាធរច្រកទ្វារព្រំដែនប្រទេសថៃ និងការអភិវឌ្ឍន៍ឡើវិស័យនានារបស់ខេត្តឧត្ដរមានជ័យ ព្រមទាំងពង្រឹងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់។
ជាចុងបញ្ចប់ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានកោតសរសើរ ដោយបានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្ត និងមន្ទីរពាក់ព័ន្ធនានា ដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំ ធ្វើឱ្យខេត្តឧត្ដរមានជ័យ មានការរីកចម្រើន ដែលបានលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើង។