រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទ ការងារ អធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅក្នុងខេត្តឧត្ដរមានជ័យ

  • 1.5ពាន់
  • ដោយ SEANGHIM

នៅព្រឹកថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ចើញជាគណៈអធិបតីក្នុងពិធីបិទ ការងារ អធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធនាគារ នៅក្នុងខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម រស់ វរុណ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រស់ វរុណ បានអំពាវនាវ ឲ្យអាជ្ញាធរខេត្ត ដូចជា កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តត្រូវផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបទៅដោយការយកចិត្តទុកដាក់ តម្លាភាព មានស្មារតីទទួលខុសត្រូវខ្ពស់ និងបានទាន់ពេលវេលាតាមគោលដៅ និងនីតិវិធីកំណត់ ដោយពិធីបិទនេះបានប្រព្រឹត្តិធ្វើឡើងនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ។

បន្ទាប់ពី ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ មានមតិស្វាគមន៍ និងអានរបាយការណ៍ជូនអង្គពិធីរួចមក។

ឯកឧត្តម រស់ វរុណ បានលើកបន្ថែមថា អភិបាលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តលិខិតបទដ្ឋានគតិយុត្តក៏ដូចជាសាលក្រម និងសាលដីកាតុលាការកុំឱ្យមានការរាំងស្ទះដែលបង្ករជាបញ្ហាលំបាកដល់ការអនុវត្តនីតិវិធី និងត្រូវដឹកនាំបញ្ជាកងកម្លាំងសមត្ថកិច្ចជំនាញនានារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ត្រូវខិតខំយកចិត្តទុកដាក់ការពារថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋដោយប្រសិទ្ធភាព ជាពិសេសត្រូវធ្វើការតែងតាំងមន្ត្រីជុំវិញខេត្តព្រមទាំងស្នើសុំប័ណ្ណសរសើរមេដាយគ្រឿង ឥស្សរិយយសជូនមន្ត្រីចំណុះរដ្ឋបាលខេត្ត ដែលមានស្នាដៃ និងស្នើសុំដំឡើងឋានន្តរស័ក្កិថ្នាក់តាមនីតិវិធីកំណត់។

យ៉ាងណាមិញ ឯកឧត្តម ក៏បានផ្តាំផ្ញើឲ្យ សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់នៅខេត្តឧត្ដរមានជ័យ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាធ្លុងមួយ ក្នុងជួររដ្ឋបាលខេត្ត ក៏ដូចជាបង្កើនទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមចំណែកសម្រេចបានជោគជ័យគ្រប់ផែនការការងារ និងបង្កើតនូវជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋផងដែរ។

អត្ថបទទាក់ទង