នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនំាកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានសមាសភាពអញ្ជើញចូលរួមពី៖ ឯកឧត្តម អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នៅសាលាប្រជុំសាលាខេត្ត។
បន្ទាប់ពីសមាជិក សមាជិកានៃអង្គប្រជុំបានធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពនៃការអនុវត្តការងារ ក៏ដូចជាបញ្ហាប្រឈមនានា ដែលបានជួបប្រទៈកន្លងមក ឆ្លៀតក្នុងឳ្យកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានដាក់នូវបទបញ្ជា និង វិធានការមួយចំនួន ដល់គ្រប់សមត្ថកិច្ចនៃកងកម្លាំងប្រដាប់អាវុធ និង គណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ដែលកើត មានឡើងនៅតាមមូលដ្ឋានក្នុងខេត្តឧត្តមានជ័យ ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការ ជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងការធានាឳ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឪកាសបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិដ៏ធំសម្រាប់ពលរដ្ឋកម្ពុជាខាងមុខនេះ ម៉្យាងទៀតត្រូវក្តាប់ឲ្យបាននូវរាល់សមាសភាព ដែលតែងបង្កភាពអសន្តិសុខនៅក្នុងមូលដ្ឋាន សំខាន់បងធំ បងតូច ការជួញដូរផ្លូវភេទ គ្រឿងញៀន និង បទល្មើសព្រៃឈើ និង នេសាទជាដើម ។ ឯកឧត្តមប៉ែន កុសល្យ ក៏បានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាធានាឳ្យបាននូវ សុវត្ថិភាព សន្តិសុខ ដោយបានសង្កត់ធ្ងន់ ចំពោះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់ ព្រមទាំងបង្កើន នូវការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះឲ្យបានជាប្រចាំ ក្នុងធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ជាអាជីវករ ពណិជ្ជករ ក្នុងក្រុងសំរោង ចូលរួមធ្វើអនាម័យ បរិស្ថានក្រុង និង ការថែរក្សាសុវត្ថិភាព សន្តិសុខ ទ្រព្យសម្បត្តិរបស់ខ្លួន ដូចជាការចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីជំរុញលើកិច្ចការអភិវឌ្ឍសង្គមជាតិ ៕