(ឧត្តរមានជ័យ)៖ថ្ងៃចន្ទ ០៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈ អភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញទទួល ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខវីរៈយុទ្ធជន និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនកងការពារព្រំដែនគោកលេខ៤០២ ឋិតនៅតំបន់អូរស្មាច់ និងកងការពារព្រំដែនគោកលេខ៤០៣ ឋិតនៅ តំបន់អន្លុងវែង ចំណុះយោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
នៅក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខនេះ ឯកឧត្ដមទេស រដ្ឋមន្ត្រី បានគូសបញ្ជាក់អំពី៖ គម្រោងលើកកម្ពស់គុណភាព ផ្លូវជាតិនានាពី DBSTទៅជាផ្លូវ AC ពីពីរគន្លងទៅបួនគន្លង គម្រោងសិក្សាលទ្ធភាពធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៦៧ ផ្លូវជាតិលេខ ៦៨ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោង កែលម្អផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលស្គន់ទៅទីរួមខេត្តសៀមរាប គម្រោងបើកការដ្ឋានសាងសង់ផ្លូវពីបាត់ដំបងទៅខេត្តកោះកុងដើម្បីដឹកជញ្ជូនផលិតផលទៅកាន់កំពង់ផែទឹកជ្រៅ និងការតភ្ជាប់ផ្លូវដែក ឡើងវិញពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន សំដៅបង្កើនសក្កានុពលសេដ្ឋកិច្ច។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបាន លះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក ការពារប្រមុខរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងដែលបានផ្តល់នូវសុខសន្តិភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម ទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ពិសេសផ្តល់ ឱកាសដល់ការស្វែងរកទីផ្សារសម្រាប់ការនាំចេញផលិតផល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យភាពសំបូររុងរឿង។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តល់នូវ គ្រឿងឧបភោគបរិភោគរួមមាន៖ ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខ មី ទឹកសុទ្ធ តង់ និងថវិកាដល់បងប្អូនជានាយទាហាន នាយទាហាន រង និងពលទាហាន ដោយក្នុងម្នាក់ៗទទួលបានថវិកា ៣០០០០ រៀល ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិឱ្យជួយតាមបីបាច់ ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោល នយោបាយរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់ការអភិវឌ្ឍ រីកចម្រើនជូន ដល់ប្រជាពលរដ្ឋតទៅថ្ងៃអនាគត។