រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត អញ្ជើញជាគណៈអធិបតីក្នុងវេទិកាសាធារណៈនៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យៈ នៅល្ងាចថ្ងៃព្រហស្បតិ៍  ទី១៧  ខែតុលា  ឆ្នាំ២០១៩  ឯកឧត្តម ឌី រ៉ាដូ  និងឯកឧត្តម អ៊ុច បូរ៉ា បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាសាធារណៈ  នៅក្នុងឃុំព្រះប្រឡាយ  ស្រុកត្រពាំងប្រាសាទ និងមានការចូលរួមពី  លោក  អភិបាលស្រុក លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្រពាំងប្រាសាទ  និងបងប្អូនប្រជាពលរដ្ឋ  សរុបចំនួន២៥០នាក់។

មានប្រសាសន៍ក្នុងវេទិកានេះដែរ  ឯកឧត្តម  អ៊ុច  បូរ៉ា  ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកត្រពាំងប្រាសាទ  បានគូសបញ្ជាក់អំពីគោលបំណងនៃវេទិកានេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋក្នុងការសហការជម្រុញលើកកម្ពស់ការទទួលខុសត្រូវ  គណនេយ្យភាព របស់ក្រសួងស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព  ស្របតាម គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។  ម្យ៉ាងទៀត  វេទិកានេះក៏ជាឱកាសមួយ  ដើម្បីបានស្ដាប់នូវកង្វល់ បញ្ហាប្រឈម សំណូមពរ និងសំណើរបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយរាល់សំណូមពរ និងសំណើទាំងនោះដោយផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារនឹងធ្វើការរាយការណ៍បន្តជូនរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ អង្គវេទិកាបានដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរ  របស់បងប្អូនប្រជាពលរដ្ឋឃុំព្រះប្រឡាយ  ដូចខាងក្រោម៖

-ទី១ ស្នើសុំផ្លូវ១ខ្សែ ចាប់ពីមុខសាលាឃុំ ទៅភូមិខាងលិចភូមិអូរំដួល  សម្រេចនឹងសិក្សាដាក់បញ្ចូលនៅក្នុងគម្រោងឆ្នាំ២០២១

-ទី២ ស្នើសុំផ្លូវពីសាលាឃុំទៅភូមិត្រពាំងបី  នឹងចាត់ឱ្យមន្ទីរសាធារណការ  និងដឹកជញ្ជូនខេត្តចុះធ្វើការសិក្សា

-ទី៣ ស្នើសុំបង្កើតភូមិត្រពាំងបី ដែលជាឧបសម្ព័នភូមិអូររំដួល

-ទី៤ ស្នើសុំបង្គន់អនាម័យដាក់នៅក្នុងមត្តេយ្យសហគមន៍

-ទី៥ ស្នើសុំលូដាក់ផ្លូវ ចំនួន៣កន្លែងស្មើនិង ១២កង់ អង្គវេទិកាសម្រេចដោះស្រាយជូន

-ទី៦ ស្នើសុំជួយសាងសង់សាលាឆន្ទក្នុងវត្តទួលចរន្ត

-ទី៧ ស្នើសុំកាត់ឃ្វាលក្បាលដីដែលបានអនុវត្តន៍បទបញ្ជាលេខ០០១ ពីខេត្តព្រះវិហារឱ្យមកខេត្តឧត្តរមានជ័យវិញ ព្រោះប្រជាពលរដ្ឋលំបាកក្នុងការមកទទួលសេវាសាធារណ:ដោយសារនៅឆ្ងាយនិងផ្លូវលំបាកផង។

ទន្ទឹមនេះ  នៅក្នុងវេទិកានេះដែរ  ក៏មានការបញ្ជ្រាបការយល់ដឹង ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន និងគោលនយោបាយទាំង៩ចំណុច របស់ភូមិ ឃុំមានសុវត្តិភាព ដើម្បីឱ្យមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

អត្ថបទទាក់ទង