(ឧត្តរមានជ័យ)៖ ក្រុមការងារនៃអគ្គលេខាធិការដ្ឋានវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) ដោយមានការសហការជាមួយសមាគមប្រឹក្សាសុខភាពប្រជាជន និងអង្គការស្ត្រីសម្រាប់អភិវឌ្ឍន៍សិទ្ធិមនុស្ស ឧស្សាហកម្ម និងកសិកម្ម បានធ្វើការបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលនិងអង្គការដៃគូ វ.ស.ស. អំពីរបៀបបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ នៅសហគមន៍ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងឯកឧត្ដម លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដែលមានអ្នកចូលរួមមកពីរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរចំណុះសាលាខេត្ត រួមទាំងបុគ្គលិកសុខាភិបាល តំណាងអង្គការ សមាគម និងយុវជន ស.ស.យ.ក។
ឯកឧត្ដម លឹម សុខតូ បានដឹកនាំក្រុមការងារ វ.ស.ស. ចុះបាញ់ថ្នាំសម្លាប់មេរោគ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងសំរោង ក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ បានសហការជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅសាលាខេត្តឧត្តរមានជ័យ ផ្ទះសំណាក់ឧត្តមរដ្ឋា (មណ្ឌលចត្តាឡីស័កកម្រិត២) វិទ្យាល័យតេជោសំរោងសែន (មណ្ឌលចត្តាឡីស័ក) និងផ្សារសំរោង។