រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះរាជទានថវិកា ២លានដុល្លារជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

  • 1.4ពាន់
  • ដោយ SEANGHIM

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវថវិកាចំនួន ២លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

នេះជាការប្រោសព្រះរាជទានជាលើកទីពីរហើយសម្រាប់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ។ កាលពីខែមីនា កន្លងទៅនេះ ព្រះអង្គទាំងទ្វេ ក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានថវិកា ៣០ម៉ឺនដុល្លារផងដែរ សម្រាប់រាជរដ្ឋាភិបាលយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជានេះ ប្រមុខស្ថាប័នកំពូលៗរបស់ជាតិ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានបរិច្ចាគប្រាក់បៀវត្សរ៍របស់ខ្លួនជាច្រើនខែជូនទៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ផងដែរ។

ថវិកាទទួលបានពីការបរិច្ចាគប្រាក់បៀវត្សរ៍នេះ មានជាង ១០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ សប្បុរសជនជាឧកញ៉ា ពាណិជ្ជករ អ្នកវិនិយោគ និងប្រជាពលរដ្ឋខ្មែរដទៃទៀត ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។ ថវិកាទទួលបានពីសប្បុរសជននោះ មានចំនួនជាង ១៥លានដុល្លារអាមេរិក។

តាមរយៈព្រះរាជសកម្មភាព និងសកម្មភាពរបស់ព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ និងថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរទូទៅនេះ បានស្តែងឱ្យឃើញពីការរួបរួមកម្លាំងជាធ្លុងក្នុងសង្គមកម្ពុជា ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងដោះស្រាយបញ្ហារបស់ជាតិក្នុងគ្រាមានវិបត្តិបង្កដោយជំងឺកូវីដ១៩នេះ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង