(ឧត្តរមានជ័យ): នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីដាំកូនឈើចំនួន៥០០ដើម ជាមួយមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នៅបរិវេណមាត់បឹងឈូក ស្ថិតក្នុងភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយ-នាយរងខណ្ឌរដ្ឋបាលព្រៃឈើ មន្រ្តីរាជការ ចៅសង្កាត់ មេភូមិ កម្លាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋ។
ជាការពិតណាស់ ដើមឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សនិងសត្វ។ នៅក្នុងបរិស្ថាន ដើមឈើជួយឱ្យមានដំណើរការប្រព័ន្ធអេកូឡូស៊ី កាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិនានា ផ្តល់ជាម្លប់ និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស និងផ្តល់ត្រឡប់មកវិញនូវអុកស៊ីសែនសម្រាប់មនុស្ស និងសត្វដកដង្ហើមជាដើម។
ការរៀបចំឱ្យមានពិធីដាំកូនឈើនេះឡើង ក្នុងគោលបំណងចូលរួមអបអរសាទរបុណ្យ «រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២០ ក្នុងស្មារតីបំផុសការដាំដើមឈើឡើងវិញ បណ្តុះគំនិតថែរក្សា ការពារ ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ និងមួយវិញទៀតដើម្បីកែលម្អ លើកកម្ពស់សោភណ្ឌភាពជុំវិញបឹងឈូកឱ្យបានល្អប្រសើរ ក្លាយជាតំបន់បរិស្ថានបៃតង ។ កូនឈើប្រណិតដែលនាំយកមកដាំនាពេលនេះ រួមមាន៖ ដើមបេងចំនួន២០០ដើម ដើមក្រញូង២០០ដើម និងដើមក្ងោកចំនួន១០០ដើម។
ជាមួយគ្នានេះ ឯកឧត្តម ឌី រ៉ាដូ បានសង្ឃឹមយ៉ាងមុតមាំថា ក្នុងថ្ងៃអនាគតដ៏ខ្លីខាងមុខ ទីកន្លែងនេះ នឹងអាចក្លាយជាកន្លែងមួយល្អសម្រាប់សម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ បំបាត់អស់ភាពនឿយណាយ អារម្មណ៍តានតឹង និងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ ។ នៅក្នុងឱកាសនៃពិធីដាំកូនឈើនេះ សង្កេតឃើញថា មានបងប្អូនមកចូលរួមយ៉ាងច្រើនកុះករ នេះសបញ្ជាក់ពីស្មារតីស្រឡាញ់ ធម្មជាតិ ស្រឡាញ់បរិស្ថានបៃតង និងឆន្ទៈចូលរួមយ៉ាងមោះមុត ចង់ឃើញទីបឹងនេះ ប្រែក្លាយកន្លែងមានពណ៌បៃតងស្រស់បំព្រងគួរជាទីទាក់ទាញ។
មុននឹងបញ្ចប់ពិធីនេះ ឯកឧត្តម បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើ អាជ្ញាធរក្រុង-សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការល្អ ក្នុងការរៀបចំឱ្យមានព្រឹត្តិការណ៍នាំកូនឈើ នាពេលនេះ និងត្រូវបន្តធ្វើកិច្ចការនេះតទៅទៀត ដើម្បីបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជា ភូមិ ឃុំ របស់យើងបៃតង។ លើសពីនេះទៀត បងប្អូនប្រជាពលរដ្ឋត្រូវចូលរួម ថែរក្សា ការពារ ស្រោចទឹក និងដាក់ជីកូនឈើ ទាំងនេះឱ្យបានទៀងទាត់ ដើម្បីឆាប់លូតលាស់ធំបានរហ័ស ក្នុងស្មារតីជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា។