រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អាជ្ញាធរខេត្តឧត្ដរមានជ័យ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាការពារជំងឺកូវីដ-១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍

  • 723
  • ដោយ SEANGHIM

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តឧត្ដរមានជ័យ ឯកឧត្ដម នាយឧត្ដមសេនីយ ហ៊ូ សាគុណ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ហុក គឹមចេង អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាល និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការវិលត្រឡប់របស់ពលករមកពីប្រទេសថៃចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ឯកឧត្ដម ក៏បានបន្តថាខណៈពេលនេះមណ្ឌលចត្តាឡីស័កចំនួន៧ ក្នុងខេត្តរឧត្តមមានជ័យត្រូវបានពេញ ចំពោះពលករដែលធ្វើដំណើរពីប្រទេសថៃចូលមកប្រទេសកម្ពុជានាព្រឹកនេះត្រូវបានបញ្ជូនទៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តនីមួយៗលើកលែងតែពលករដែលធ្វើដំណើរមកពីតំបន់ប្រឈមមួយចំនួនត្រូវបានដាក់ធ្វើចត្តាឡីស័កនៅក្នុងខេត្តឧត្ដររមានជ័យ។ ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមថ្ងៃដែលមានព្រឹត្តិការណ៍ផ្ទុះក្នុងសហគមន៍នៅក្នុងប្រទេសថៃ មកដល់ថ្ងៃនេះពលករដែលត្រូវយកសំណាកមានចំនួន១៤១ នាក់ តាមច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់។

ឯកឧត្ដម បានអំពាវនាវឲ្យបងប្អូនពលកររួមគ្នាការពារជំងឺកូវីដ១៩ កុំឱ្យមានការចម្លងដល់បងប្អូនក្រុមគ្រួសារក៏ដូចជាសហគមន៍។ ឯកឧត្ដម បន្តថាប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀល និងទោសព្រហ្មទណ្ឌ។

សូមបញ្ជាក់ថាគិតត្រឹមម៉ោង ១១:០០ នាទីព្រឹកនេះពលករដែលធ្វើការចំណាកស្រុកពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មានចំនួន១០២ នាក់។ស៊ាងហ៊ីម

អត្ថបទទាក់ទង