ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ធ្វើអោយខេត្តឧត្តរមានជ័យទាំងមូលសម្រេចបាននូវសមិទ្ឋផលសំខាន់ៗ ជាច្រើនទាំងការគ្រប់គ្រងរដ្ឋបាលដែនដីការពារសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈសុវត្ថិភាពសង្គមការការពារបូរណភាពដែនដីការងារបង្ករបង្កើនផលសុខមាល ភាពសង្គម និងជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋតំបន់ព្រំដែន។ជាក់ស្តែងរយៈពេលមួយឆ្នាំ២០២២នេះរដ្ឋបាលខេត្តឧត្តរមានជ័យសម្រេចបាននូវស្នាដៃ និងលទ្ឋផលធំៗគួរឲ្យកត់សម្គាល់មួយចំនួនមានជាអាទិ៖
–ការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម៖ បានដឹកនាំដោយប្រើប្រាស់កម្លាំងសរុបតាមរយៈយន្តការគណៈបញ្ជាការឯកភាពដើម្បីគ្រប់គ្រងដែនដីបានទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលាជាពិសេសបានយកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលជាយន្តការអាចដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលប៉ះពាល់ដល់អាយុជីវិត និងសេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ។ ផ្អែកលើសកម្មភាពជាក់ស្តែង ទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពរឹងមាំយូរអង្វែងរបស់រាជរដ្ឋាភិបាល។
-ការអនុវត្តគោលនយោបាយវិមជ្ឍការ និងវិសហមជ្ឍការ៖ បាននឹងកំពុងដំណើរការប្រព្រឹត្តយ៉ាងល្អប្រសើរ និងមានភាពរលូនក្នុងក្របខណ្ឌច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋាន-គតិយុត្តនានា ដែលបានដាក់ចេញក្នុងគោលដៅកំណែទម្រង់រដ្ឋបាលសារធារណៈមានលក្ខណៈស៊ីជម្រៅដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅមូលដ្ឋាន។ ក្នុងបរិបទនេះការពង្រឹងរចនាសម្ព័ន្ឋស្ថាប័នតាមរយៈការពង្រឹងលក្ខខ័ណ្ឌការងារ របស់មន្រ្តីរាជការ វិន័យការងារ ការដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្ត និងដាក់ឲ្យដំណើរការមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក គឺជាការបោះជំហានទៅមុខក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ឋភាព គណនេយ្យភាព តម្លាភាព មានគុណភាពល្អ និងទាន់ពេលវេលា។
-ការដោះស្រាយទំនាស់ដីធ្លីនិងវិវាទផ្សេងៗ៖ ថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទំនាស់ដីធ្លីរវាងប្រជាជននិងប្រជាជនប្រជាជន និងក្រុមហ៊ុនព្រមទាំងប្រជាជននិងកងទ័ពដោយឈរលើគោលការណ៍ច្បាប់និងអនុសាសន៍របស់រាជរដ្ឋាភិបាល។ លើសពីនេះខេត្តបានរៀបចំបូកសរុបពាក្យបណ្តឹងដែលមានក្នុងទូទាំងខេត្តដើម្បីរាយការណ៍ជូនថ្នាក់ជាតិ និងបានរៀបចំផែនការសកម្មភាពលម្អិតដើម្បីដោះស្រាយកាត់បន្ថយជម្លោះឲ្យនៅតិចបំផុត។
-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនិងសោភណ្ឌភាពខេត្ត៖ ប្រព័ន្ឋផ្លូវគមនាគមន៍ក្នុងទីប្រជុំជន និងទីជនបទបាននិងកំពុងរីកខ្វាត់ខ្វែងទាំងផ្លូវក្រាលកៅស៊ូផ្លូវក្រាលគ្រួសក្រហម និងផ្លូវបេតុងដែលកត្តានេះបានជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័សឆ្ពោះទៅកាន់ការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយសមធម៌ ជាពិសេសបណ្តាញផ្លូវតាមបណ្តោយព្រំដែន ផ្ទះគ្រួសារទ័ព មណ្ឌលសុខភាព សាលារៀនបាននិងកំពុងស្ថាបនាក្នុងគោលបំណងប្រែក្លាយតំបន់សមរភូមិមុខទៅជាតំបន់អភិវឌ្ឍន៍។ ដោយឡែកសមិទ្ឋផលជាច្រើនផ្សេងទៀតក៏ត្រូវបានកសាងឡើង ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តដូចជាការរៀបចំប្រព័ន្ឋលូ ការក្រាលកៅស៊ូក្នុងទីប្រជុំជន ការរៀបចំបណ្តាញអគ្គិសនី ការរៀបចំសួនច្បារដាំកូនឈើ និងមានការរៀបចំអនាម័យ និងបរិស្ថានជាប្រចាំសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនា។
–ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមិត្តរវាងខេត្ត ក្រុងនៃបណ្តាប្រទេសជាមិត្តលើវិស័យពាក់ព័ន្ឋសំខាន់ៗក្នុងគោលបំណងលើកកម្ពស់នូវកិច្ចប្រតិបត្តិការ ក្នុងនាមខេត្ត ក្រុងសម្ព័ន្ធ មិត្តពិសេស វិស័យសំខាន់ៗ ដូចជាវិស័យ ទេសចរណ៍ អប់រំ វប្បធម៌ ពាណិជ្ជកម្ម កសិកម្ម និងសុខាភិបាល។ ទោះបីជារដ្ឋបាលខេត្តសម្រេចបានសមិទ្ឋផលជាច្រើន ក្នុងរយៈពេលមួយឆ្នាំ២០២២កន្លងទៅនេះ ក៏ពិតមែនប៉ុន្តែ អាស្រ័យដោយសេចក្តីត្រូវការ នៃការអភិវឌ្ឍសង្គមយើងក៏កត់សម្គាល់ឃើញបញ្ហាប្រឈមនានាដែលត្រូវពុះពាររួមគ្នាដោះស្រាយថែមទៀតដូចដែលបានគូសបញ្ជាក់ក្នុងបញ្ហាប្រឈម និងទិសដៅការងារដែលមានក្នុងរបាយការណ៍នេះស្រាប់។
សរុបមកជោគជ័យដែលទទួលបាន គឺដោយសាយើងប្រើប្រាស់កម្លាំងសរុបវិធានការសរុបទាំងកម្លាំង ប្រដាប់អាវុធលើការការពារព្រំដែន សន្តិសុខសង្គម និងការងារសេដ្ឋកិច្ចព្រមទាំងមានការចូលរួគ្រប់ស្ថាប័ននានា ជុំវិញខេត្ត។ ទោះបីជាមានចំណុចអវិជ្ជមានមួយចំនួននៅមិនទាន់បានដោះស្រាយ និងអនុវត្តបញ្ចប់ក៏ដោយយើងសង្ឃឹមយ៉ាងមុតមាំថាក្នុងឆ្នាំ២០២៣ខាងមុខនេះ ដោយមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ឋ នឹងជំនះគ្រប់ឧបសគ្គ ដើម្បីកសាងអភិវឌ្ឍខេត្តលើគ្រប់វិស័យឲ្យបានរីកចម្រើនយ៉ាងឆាប់រហ័ស។