រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងជា អនុប្រធាន នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អញ្ជើញជាអធិបតី ក្នុងកម្មវិធី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

នៅព្រឹក ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អមដំណើរ ឯកឧត្ដម ទួន ថាវរៈ រដ្ឋលេខាធិការ ក្រសួងផែនការ និងជា អនុប្រធាន នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អញ្ជើញជាអធិបតី ក្នុងកម្មវិធី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ឯកឧត្ដម អភិបាលរងខេត្ត លោក លោកស្រីមន្ទីរអង្គភាព និងសិក្ខាកាមបានជូលរួមយ៉ាងច្រើនកុះករ។

ក្រោយពី ឯកឧត្ដម ហាក់ ប៊ុនថ្ថន អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានអានអំពីរបាយការណ៍សង្ខេបការអនុវត្តនីតិវិធី នៃការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួចមក។

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានមានមតិសំណេះសំណាលស្វាគមន៍ និងបានថែ្លងអំណរគុណចំពោះក្រសួងផែនការដែលបានរៀនចំ អោយមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើងក្នុងគោលបំណងបង្កើនការយល់ដឹងដល់គ្រប់ស្ថាប័នរដ្ឋក្នុងខេត្ត អំពីបញ្ហាបម្រែបម្រួលយ៉ាងខ្លាំងក្លារបស់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ឯកឧត្ដម អភិបាលខេត្ត​ បានផ្តាំផ្ញើ ដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការបកស្រាយពន្យល់របស់គ្រូឧទ្ទេសនាម និងចូលរួមរៀនសូត្រអោយបានពេញលេញទៅតាមកាលវិភាគដែលបានកំណត់ និងសូមចូលរួមជាមតិយោបល់ពិភាក្សាអោយបានស៊ីជម្រៅទៅលើខ្លឹមសារ វិធីសាស្រ្តបច្ចេកទេសព្រោះវាពាក់ព័ន្ធនឹងភាពរីកចម្រើននាពេលបច្ចុប្បន្ននិងការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។

ឯកឧត្ដម រដ្ឋលេខាធិការ ទួន ថាវរៈ បានមានប្រសាសន៍លើកឡើងថា ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍មានអត្ថន័យជាសារវន្ត សម្រាប់បរិការណ៍នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ឯកឧត្ដម​ បានបន្តថា​ វគ្គបណ្តុះបណ្តាលនេះមានគោលដៅសំខាន់ៗ ចំនួនពីរគឺ ទី១ ផ្តល់ចំណេះដឹងតាមរយះការផ្សព្វផ្សាយ និងពន្យល់ទ្រឹស្តី ខ្លឹមសារផែនការក្របខណ្ឌគតិយុត្ត និងលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្នុងកិច្ចការជម្រុញនិងសម្រប សម្រួលកិច្ចការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៅកម្ពុជា។ទី២ ផ្តល់ចំណេះធ្វើតាមរយៈការផ្សព្វផ្សាយនិងពន្យល់ពីវិធីរូបមន្ត និងឧទាហរណ៍ជាក់ស្តែងនៃកិច្ចការនិមួយៗ។ លើសពីនេះការរៀបចំវគ្គបណ្តុះបណ្តាលនេះឆ្លុះបញ្ចាំងអោយឃើញពីការកំណត់អាទិភាព ការយកចិត្តទុកដាក់ ឆន្ទះនិងតួនាទីឈានមុខរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ស្របតាមស្មារតី នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងទស្សនៈរួមមួយថា វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករប្រកបដោយថាមពលក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់វិស័យជាអាទិភាពជាតិនានា សំដៅបង្កើនប្រាក់ចំណូល សុខមាលភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងកិច្ចការពារបរិស្ថាន។

អត្ថបទទាក់ទង