រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីលើកដងជហ្វា ដំបូលសាលាធម្មសភា នៅក្នុងវត្តប្រាសាទរាជាសំរោង

  • 1.4ពាន់
  • ដោយ SEANGHIM

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព នៅក្នុងពិធីលើកដងជហ្វា ដំបូលសាលាធម្មសភា នៅក្នុងវត្តប្រាសាទរាជាសំរោង ក្នុងនោះក៏មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព អភិបាលក្រុងសំរោង កងកម្លាំងទាំងបីប្រភេទសិស្សានុសិស្ស  រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត យ៉ាងច្រើនកុះករផងដែរ។

យោងតាមរបាយការណ៍របស់ព្រះគ្រូឧត្តរមណី ប៊ុន សាលួត ព្រះមេគណខេត្ត បានឲ្យដឹងថា ការកសាងសាលាធម្មសភាថ្មីមួយខ្នងនេះ ធ្វើឡើង ក្នុងរយៈពេលពីរឆ្នាំដប់ខែ ដោយសម្រេចបានចំនួន៧០%ហើយ និងចំណាយថវិកាសរុបចំនួន១៣៤,១៧៣.៨០ដុល្លារ។

ក្នុងនោះឯកឧត្ដម ប៉ែន កុសល្យ បានមានមតិសំណេះសំណាល និងលើកយកពីគោលបំណងនៃការរៀបចំពិធីនេះឡើងគឺដើម្បីគោរព និងថែរក្សានូវទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមានតាំងពី បុរម បុរាណមក  សម្រាប់ឲ្យពុទ្ធបរិស័ទ្ធសាងនូវបុណ្យកុសលតាមលទ្ធភាពរៀងៗខ្លួន ។

យ៉ាងណាមិញ សាលាធម្មសភា រួមទាំងសមិទ្ធផលនានា ដែលនិងកំពុងសាងសង់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់មួយដល់ការកែលម្អ សោភ័ណភាពខេត្តឧត្ដរមានជ័យ ដែលជាអតីតទឹកដីសមរភូមិប្រយុទ្ធ និងខ្ទេចខ្ទាំទៅដោយភ្លើងសង្គ្រាម តែនាពេលបច្ចុប្បន្ននេះ ក៏ប្រែក្លាយទៅជាទឹកដីដែលពោរពេញទៅដោយការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសនោះគឺវិស័យពុទ្ធចក្រ និងអាណាចក្រ ទាំងនេះក៏មកពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទេសក៍ជាតិដ៏ឆ្នើមសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិយើងដែលរស់នៅក្រោមដំបូល នៃសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរតាមរយៈគោលនយោបាយឈ្នះៗរបស់សម្ដេចផងដែរ។

ឯកឧត្ដម ក៏បានអំពាវនាវឲ្យពុទ្ធបរិស័ទទាំងអស់ ត្រូវចូលរួម បរិច្ចាគនូវថវិកាផ្ទាល់តាមសទ្ធារៀងៗខ្លួន ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងវត្តអារាម ដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យមានការចម្រើនបន្ថែមទៀត។

តួយ៉ាង ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តរួមឯកឧត្តម លោកជំទាវអភិបាលរង សមាជិកក្រុមប្រឹក្សា រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក៏បានធ្វើបុណ្យរាប់បាត ដល់ព្រះសង្ឃចំនួនជាង៣០០អង្គផងដែរ។

អត្ថបទទាក់ទង