រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

អបអរសាទរ ពិធីបើកមហោស្រពសិល្បៈ ចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩

នៅល្ងាចថ្ងៃព្រហស្បតិ៍​ ៧រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបើកមហោស្រពសិល្បៈ ចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកជំទាវ មុំ ពុទ្ធីតា អភិបាលរង នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោកជំទាវសួង សាវុន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ បរិវេណវេទីការបឹងស្នោ ទល់មុខសួនច្បារខេត្ត ។


ក្នុងនោះ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាការប្រឡងចម្រៀងខ្មែរជាសកលថ្នាក់ខេត្ត គឺបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយឆ្នាំ២០១៩នេះ មានបេក្ខជន បេក្ខនារីចូលរួមប្រកួតប្រជែង មានចំនួនសរុប២០នាក់ លើវិញ្ញាសារចំនួន០២ គឺចម្រៀងប្រពៃណី និងចម្រៀងសម័យ។

ឆ្លៀតក្នុងឳកាសនោះ លោកជំទាវ មុំ ពុទ្ធីតា  អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួមអនុវត្តការងារឲ្យទទួលបានជោគជ័យ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តសកម្មភាពការងារឱ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីឈានទៅសម្រេច ឱ្យបាននូវគោលនយោបាយជាតិស្តីពីវប្បធម៌ “អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ជាតិ” ដោយអនុវត្តន៍ស្របតាម គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

យ៉ាងណាមិញ លោកជំទាវ ក៏បានផ្ដាំផ្ញើ ឲ្យបេក្ខជន បេក្ខនារីទាំងអស់  ត្រូវប្រឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការប្រកួតប្រជែងចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩នេះ  ដើម្បីទទួលបាននូវជ័យលាភី និងបន្តទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍មហោស្រពថ្នាក់ជាតិ នាពេលខាងមុខនេះ។

គួរបញ្ជាក់ បេក្ខជន បេក្ខនារីដែលបានប្រឡងចម្រៀងខ្មែរជាសកល ថ្នាក់ខេត្តលើកទី៥ ឆ្នាំ២០១៩នេះ ដោយចំណាក់ថ្នាក់លេខ១ មានចំនួន៤នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៣០ ម៉ឺនរៀល និងលេខ២ មានចំនួន៣នាក់ ដោយម្នាក់ៗ ទទួលបានថវិកា ២០ម៉ឺន រៀលចំណែកឯលេខ៣ មានចំនួន០២នាក់ ដោយម្នាក់ៗទទួលបានថវិកា១៥ម៉ឺនរៀល និងទទួលបានប័ណ្ណជ័យលាភីម្នាក់មួយៗ ផងដែរ។​ដោយឡែក បេក្ខជន បេក្ខនារី ដែលមិនបានជាប់ចំណាក់ថ្នាក់ ម្នាក់ៗ ទទួលបានថវិកា ៨ម៉ឺនរៀល។

អត្ថបទទាក់ទង