នៅព្រឹកថ្ងៃអង្គា៥កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២០៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធដើម្បី ជួបប្រជុំជាមួយ ប្រជាពលរដ្ឋចំនួន៣១គ្រួសារ ដែលបានតវ៉ារឿងវិវាទដីធ្លីនៅចំណុចក្តាន់ធំ ភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ដោយក្នុងករណីនេះប្រជាពលរដ្ឋដែលបានមកធ្វើការតវ៉ា មួយចំនួនពួកគាត់ក៏បានទទួល ដីគោល នយោបាយ ចំនួន២ហិកតា ក្នុងមួយគ្រួសាររួចហើយ គឺដីដែលរដ្ឋបានធ្វើការដកហូតពី ក្រុមហ៊ុន អង្គរស៊ូហ្គឺ ដើម្បីធ្វើការបែងចែកជាដីសម្បទានសង្គមកិច្ច។ ដោយឡែកប្រជាពលរដ្ឋទំាង៣១គ្រួសារ ដែលមកធ្វើការតវ៉ានេះដោយពួកគាត់បានលើកឡើងថា ទីតំាងដីដែលធ្វើការបែងចែកនេះពុំមាន ទឹកគ្រប់គ្រាន់សម្រាប់ធ្វើកសិកម្ម និងនៅមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ។
ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តម ឌី រ៉ាដូ ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះបញ្ហាទាំងពីរដែល ពលរដ្ឋ ទំាង៣១គ្រួសារបានលើកឡើងនេះ ក្នុងនាម ឯកឧត្តមផ្ទាល់ ក៏ដូចក្នុងនាមអាជ្ញាធរ ខេត្តតែងតែគិតគួរ និងយកចិត្តទុកដាក់ចំពោះកង្វល់របស់បងប្អូន ហើយនឹងចាត់អោយមន្ទីរជំនាញ ពាក់ព័ន្ធឱ្យចុះពិនិត្យ ដើម្បីសិក្សា និងរកដំណោះស្រាយជូនពួកគាត់។
បើតាមការបញ្ជាក់របស់ គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាកន្លងមកប្រជាពលរដ្ឋ បានទៅប្រកបរបរកសិកម្ម នៅក្នុងដីក្រុមហ៊ុនអង្គរសូហ្គឺ ដែលជាដីរបស់រដ្ឋ។ក្រោយមកអាជ្ញាធរខេត្តបានបានធ្វើការបែងចែកដីសម្បទារ ឲ្យទៅប្រជាពលរដ្ឋ ចំនួន៤១២គ្រួសា ដោយក្នុងមួយគ្រួសារទទួល០២ហិចតា ពួកគាត់ក៏ព្រមទទួលសំណើរនេះដែរ ប្រជាពលរដ្ឋ ៣១គ្រួសារនេះ ក៏មាន១៩គ្រួសារ បានទទួលដីសម្បទានសង្គមកិច្ចនេះដែរ និង២២គ្រួសារទៀត បានអះអាងគ្មានដីសម្រាប់បង្ករបង្កើន សូម ឲ្យអាជ្ញាធររកដីជូនពួកគាត់ផង។ ប្រជាពលរដ្ឋដែលទទួលបានដីសម្បទារសង្គមកិច្ចរួចហើយ តែពួកគាត់ទាមទារ យកដីរបស់ពួកគាត់វិញ (យកទាំងពីរ)ដោយដីទាំងនោះ ត្រូវធ្វើជាដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋមកពីស្រុកក្រូចឆ្មាអស់ទៅហើយ។
ឯកឧត្ដម ឌី រ៉ាដូ បានបន្តលើកឡើងថា ចំពោះករណីប្រជាពលរដ្ឋដែលពុំមានដី សម្រាប់ ប្រកបរបរ កសិកម្មពិតប្រាកដ ឯកឧត្តមបានសំណូមពរដល់ពួកគាត់ឱ្យមកដាក់ពាក្យស្នើ សុំដីសម្បទាន សង្គមកិច្ច តាមរយៈអាជ្ញាធរភូមិ ឃុំ-សង្កាត់ ក្រុងដើម្បីដាក់មកគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្នុងការពិនិត្យ និងដោះស្រាយជូន។