ឧត្តរមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍៧កើត ខែភទ្របទ ឆ្នំាកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំ វេទិកាសន្ទនារវាងវេទិការសម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគម សហជីព និងសហគមន៍ ខេត្តឧត្ដរមានជ័យ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៊ីវិលនិងរាជរដ្ឋាភិបាល សំដៅសម្រេចបាន នូវក្របខ័ណ្ឌគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃវេទិការសម្ព័ន្ធស៊ីវិល ព្រមទំាង ឯកឧត្ដម ហួន វ៉ាន់និត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងនោះក៏មានការអញ្ញើញចូលរួមពី តំណាងក្រុមការងារក្រសួង តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងលោក លោកស្រី តំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅក្នុងខេត្តជាច្រើននាក់ផងដែរ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅ សាលប្រជុំសាលាខេត្ត។
វេទិកានេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យអង្គការសង្គមស៊ីវិលនៅក្នុងខេត្តឧត្ដរមានជ័យ បានស្វែងយល់អំពីគោលដៅអភិវឌ្ឍន៍ប្រកបទៅដោយចីរភាពកម្ពុជា ក៏ដូចជាបានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចតាមផ្លូវច្បាប់នានា ដែលអង្គការសង្គមស៊ីវិលត្រូវបំពេញ ដើម្បីឈានទៅបង្កើតភាពជាដៃគូសហការប្រកបដោយប្រសិទ្ធភាព ជាមួយរាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ ក្នុងការចូលរួមធ្វើឱ្យសម្រេចបាននូវគោលដៅនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
នៅក្នុងអង្គវេទិកាសន្ទនានេះ អង្គការសង្គមស៊ីវិល អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ ក៏បានលើកយកនូវបញ្ហាប្រឈមជាក់ស្តែង រួមទាំង សំណូមពរមួយចំនួន មកពិភាក្សាយ៉ាងផុសផុលនិងដោយត្រង់ទៅត្រង់មក ដើម្បីសហការស្វែងរកដំណោះស្រាយរួមគ្នា និងបង្កើតភាព ជាដៃគូដោយ ឆន្ទៈស្មោះត្រង់រវាងគ្នានឹងគ្នា ព្រមទាំងត្រូវចូលរួមគោរពអនុវត្តច្បាប់ជាធរមាន សំដៅចូលរួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន៕