នៅព្រឹកថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជួប ប្រជុំជាមួយ ប្រតិភូវៀតណាម ដឹកនាំដោយ លោកវរសេនីយឯក ហ្វាង ស៊ុនគឿង ប្រធាននយោបាយយោធាខេត្តតៃនិញ នៃសាធារណរដ្ឋ សង្គម និយមវៀតណាម ស្តីពីផែនការស្រាវជ្រាវរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដំណាក់កាលទី១៩ (២០១៩-២០២០) នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ។
ជាមួយគ្នានេះដែរ ក៏មានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ តន់ ញ៉ាន មេបញ្ជាការតំបន់សឹករងខេត្ត មេបញ្ជាការរង ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកស្រីអភិបាលរងក្រុង និងប្រតិភូវៀតណាមខេត្តតៃនិញ។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ឌី រ៉ាដូ បានមានប្រសាសន៍ថា៖ ការរៀបចំឱ្យមានកិច្ចប្រជុំនេះឡើងគឺក្នុងគោលបំណង កិច្ចសហប្រតិបត្តិការណ៍ល្អ ក៏ដូចជាការរឹតចំណងសម្ព័ន្ធមេត្រីរវាងប្រទេសទំាងពីរ(កម្ពុជា-វៀតណាម) និងរៀបចំឯកសារផ្លូវការ សម្រាប់ផែនការស្រាវជ្រាវរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម ដើម្បីរំដោះអាយុជីវិតប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងមានឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ការលះបង់របស់ប្រជាជន និងកងទ័ពស្ម័គ្រចិត្ត វៀតណាមដែលបានជួយដល់ប្រទេសកម្ពុជាក្នុងការរំដោះប្រជាជន និងទឹកដីអោយរួចផុតពីរបបដ៏ខ្មៅងងឹត ៣ឆ្នំា ៨ខែ និង២០ថ្ងៃ ។ ដើម្បីជាសក្ខីភាព និងឆ្លុះបញ្ចំាងពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសជាមិត្ត អង្គពិធីក៏បាន ចុះហត្ថលេខា លើផែនការស្រាវជ្រាវរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដំណាក់កាលទី១៩ (២០១៩-២០២០)ផងដែរ។