(ឧត្ដរមានជ័យ)៖ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុយ សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមឃិន ញ៉ាន់ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ថ្នាក់ដឹកនាំនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ជាច្រើននាក់។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរទីកន្លែងធ្វើការគឺជាកិច្ចដំណើរការដែលប្រព្រឹត្តទៅជាធម្មតាក្នុងជីវិតការងាររបស់មន្ត្រីបម្រើការងាររដ្ឋ ហើយក៏ជាការផ្ដល់ឱកាសឱ្យមន្ត្រី បានផ្លាស់ប្ដូរបទពិសោធន៍នូវការងារថ្មីៗបន្ថែមទៀតផងដែរ។
លើសពីនេះទៅទៀត ការផ្លាស់ប្ដូរនេះ មិនមែនមានន័យថា ប្រធានមន្ទីរចាស់បានប្រព្រឹត្តខុសឆ្គងលើការគ្រប់គ្រង ឬខ្វះសមត្ថភាពក្នុងការដឹកនាំក្នុងវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះនោះទេ ពោលគឺធ្វើឡើងដើម្បីបណ្ដុះស្មារតីចែករំលែក បទពិសោធន៍ ចំណេះដឹង សំដៅជំរុញគំនិតផ្ដួចផ្ដើមថ្មី និងបញ្ជ្រាបចំណេះដឹង និងជំនាញដល់មន្ត្រីស្របតាមកំណែទម្រង់ស៊ីជម្រៅរដ្ឋបាលសាធារណៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបម្រើប្រទេសជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនថែមទៀត។
ថ្លែងក្នុងពិធីនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ត្រចះត្រចង់ទាំងនោះ និងសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សាំង ប៊ុនថេង ប្រធានមន្ទីរចាស់ និងមន្ត្រីរាជការ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានកិច្ចសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងទិសដៅអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងខេត្តនេះ។
ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើ លោក ឈឿង ផល្លាង ដែលជាប្រធានមន្ទីរថ្មីនេះឱ្យខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនឱ្យមានការរីកចម្រើនថែមទៀត ដោយសហការសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយនិងរឹងមាំ ពង្រីកនិងពង្រឹងទំនាក់ទងល្អជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋរបស់យើងឱ្យបានលឿន ឱ្យមានតម្លាភាព និងឱ្យមានប្រសិទ្ធភាព ព្រមទាំងអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ទាំង ១១ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។
ជាកិច្ចឆ្លើយតបនូវគុណូបការៈ និងការផ្ដល់ទំនុកទុកចិត្ត ក្នុងការតែងតាំងលោក ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្ដរមានជ័យ លោក ឈឿង ផល្លាង បានប្ដេជ្ញាចិត្តអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល អនុវត្តតាមកម្មវិធី គោលនយោបាយ និងផែនការអភិវឌ្ឍរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ខិតខំកែជំរុញការផ្ដល់សេវាសាធារណៈឱ្យខិតទៅជិតប្រជាពលរដ្ឋ ឆាប់រហ័ស មានតម្លាភាព និងមានប្រសិទ្ធភាព រឹតចំណងសាមគ្គីផ្ទៃក្នុង និងសហការជាមួយមន្ទីរជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរដែនដី ជាពិសេសអនុវត្តឱ្យបានជាដាច់ខាតនូវអនុសាសន៍ទាំង១១ចំណុច របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សំដៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យមានការរីកចម្រើន និងអភិវឌ្ឍថែមមួយកម្រិតទៀត៕