រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

វេទិកាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហឹង្សាលើស្រ្តី ក្រោមប្រធាន “រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី”

  • 1.1ពាន់
  • ដោយ SEANGHIM

(ខេត្តឧត្ដរមានជ័យ)៖នៅព្រឹកថ្ងៃអាទិត្យ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតី ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន(RED  IV)  វេទិកាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងយុទ្ធនាការ ១៦ ថ្ងៃ បញ្ឈប់អំពើហឹង្សាលើស្រ្តី ក្រោមប្រធាន "រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី" ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អភិបាលរងខេត្ត តំណាងអង្គការGIZ លោកស្រីនាយករដ្ឋបាលស្ដីទីខេត្ត មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមយ៉ាងច្រើនកុះករ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ។

ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា នេះជាលើកទី១ ដែលមន្ទីរកិច្ចការនារី និងរដ្ឋបាលសាលាខេត្ត ក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន បានរៀបចំពិធីនេះឡើង ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ជោគជ័យក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានដែលបានបង្ហាញពីការចូលរួមដោយសមភាពយេនឌ័រក្នុងគ្រួសារ កំណើនសេដ្ឋកិច្ច ព្រមទាំងចែករំលែកចំណេះដឹងដល់សហគមន៍ ឲ្យមានភាពរីកចម្រើនទាំងអស់គ្នា។  ក្នុងព្រឹត្តិការណ៍នេះដែរ យើងនឹងទទួលបានការយល់ដឹងពីសមភាពយេនឌ័រ ការផ្ដល់អំណាច់សេដ្ឋកិច្ចដល់ស្រ្តី ការផ្សព្វផ្សាយអំពីច្បាប់ របៀបជួយការពារជនរងគ្រោះដោយអំពើហឹង្សា។ ឯកឧត្ដម បានបន្តថា បច្ចុប្បន្នអំពើហឹង្សាកើតឡើងគ្រប់ទីកន្លែង គ្រប់រូបភាពកាន់តែអាក្រក់ទៅៗលើស្រ្តី និងកុមារី នៅតែបន្តជាកម្មវត្ថុនៃអំពើហឹង្សាលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងទីសាធារណៈ និងឯកជន ដូច្នេះហើយទើបកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានរៀបចំ ព្រឹត្តិការណ៍នេះឡើង។

ជាចុងបញ្ចប់ ឯកឧត្ដម បានផ្ដាំផ្ញើ ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមនៅថ្ងៃនេះធ្វើយ៉ាងណា រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី និងសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចាត់វិធានការឲ្យបានតឹងរឹងដើម្បីបញ្ឈប់អំពើអំពើហឹង្សាលើស្រ្តី៕

អត្ថបទទាក់ទង