(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីពី ការចុះផ្សាយរបស់គេហទំព័រ Tnn-news និងRasmeinews ស្តីពីការបាត់បង់ដីព្រៃគប់២៦០០ហិកតា ស្ថិតនៅឃុំត្រពាំងប្រីយ៍ និងដីកាដកហូត ៥០០ហិកតា ស្ថិតនៅឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ។
ដោយមានការចូលរួមពី លោកអភិបាលស្រុកអន្លង់វែង នាយករងរដ្ឋបាលសាលាខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុក នាយកទីចាត់ការអន្តរវិស័យ ភូមិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធនានា។
តាមរបាយការណ៍របស់ផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែងឆ្នាំ២០១៤ បានបញ្ជាក់ថា ដីព្រៃគប់នេះ ក្នុងផែនទី ស្ថិតនៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ប៉ុន្តែទីតាំងដីជាក់ស្តែង ស្ថិតនៅឃុំត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង។ រីឯ ទីតាំងដី៥០០ហិកតានេះ ត្រូវបានដកហូតដោយអាជ្ញាធរខេត្តឧត្តរមានជ័យ ដោយផ្អែកតាម ផែនទីគម្របព្រៃឈើឆ្នាំ២០០២ ដែលទីតាំងដីនេះ ស្ថិតនៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។ បន្ទាប់ ពីមានកិច្ចពិភាក្សានេះមក អង្គប្រជុំសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖ ទី១.រដ្ឋបាលព្រៃឈើខេត្ត នឹងផ្តល់នូវឯកសារដែលទាក់ទងនឹងដីនេះ មករដ្ឋបាលខេត្ត ទី២. រដ្ឋបាលខេត្តនឹងធ្វើការផ្ទៀងផ្ទាត់ប្លង់ដីនេះជាមួយនឹងភូមិបាលស្រុកអន្លង់វែង ទី៣. រដ្ឋបាលខេត្ត នឹងធ្វើការចុះទៅពីនិត្យទីតាំងជាក់ស្តែង។ ជាមួយគ្នានេះដែរ រដ្ឋបាលព្រៃឈើនឹងចាត់វិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណា ដែលបានចូលទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់។