រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម​ ឌី រ៉ាដូ អភិបាលរង​ខេត្ត អញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២០ របស់មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ  ២កើត  ខែបុស្ស  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី២៧  ខែធ្នូ  ឆ្នាំ២០១៩  ឯកឧត្តម  ឌី  រ៉ាដូ  អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  អញ្ជើញជាគណៈអធិបតី រួមជាមួយនិង ឯកឧត្តម តុប សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៩  និងទិសដៅការងារបន្តឆ្នាំ២០២០  របស់មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។ និងដោយមានការអញ្ជើញចូលរួមពី  ព្រះមេគុណខេត្ត  ក្រុមប្រឹក្សាខេត្ត  កងកម្លាំងទាំង៣ប្រភេទ  ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ  មន្ត្រីរាជការ  បងប្អូនប្រតិបត្តិករសេវាទេសចរណ៍  សិស្សានុសិស្ស  និងអ្នកពាក់ព័ន្ធទាំងអស់។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្រ្តី  នៃព្រះរាជាណាចក្រកម្ពុជា  បានធ្វើឱ្យកម្ពុជា  មានការរីកចម្រើនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច  សង្គម  នយោបាយ  កាទូត  និងមានកិត្យានុភាពលើសកលលោក។

តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ របស់  សម្តេចតេជោ  នាយករដ្ឋមន្រ្តី  កម្ពុជាទទួលបាននូវសុខសន្តិភាព យ៉ាងពេញលេញ  ដែលពុំធ្លាប់មានក្នុងរយៈពេលជិត៥០០ឆ្នាំនៃ  ប្រវត្តិសាស្រ្តដ៏វែងរបស់កម្ពជា។ កត្តាសុខសន្តិភាព  និងស្ថិរភាពនយោបាយ  គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ  សម្រាប់ធានាដល់ការអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះរួមមានវិស័យទេសចរណ៍។ ទន្ទឹមនេះដែរ  លទ្ធផលការងារជាវិជ្ជមានរបស់វិស័យទេសចរណ៍ខេត្តឧត្តរមានជ័យសម្រេចបានក្នុងងឆ្នាំ២០១៩នេះ  គឺជាកិច្ចខិតខំប្រឹងប្រែងសម្រាប់យើងបន្តបោះជំហ៊ានទៅរកវឌ្ឍនភាពថ្មីៗ  ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ឌសាស្រ្តចតុកោណ  របស់រាជរដ្ឋាភិបាល  កម្មវិធីជាតិ  និងផែនការការងារផ្សេងៗទៀតរបស់ក្រសួងទេសចរណ៍ឱ្យទទួលបាន  ជោគជ័យ។

ជាមួយគ្នានេះដែរ  នៅក្នុងរបាយការណ៍របស់   លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកំសាន្ត និងស្នាក់នៅ ក្នុងខេត្តឧត្តរមានជ័យ ក្នុងឆ្នាំ២០១៩ ពិនិត្យឃើញថាអ្នកទេសចរក្នុងស្រុក សរុបមានចំនួន ១៨២.២៨១នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួន១២៦.៨១៦នាក់  មានការកើនឡើង  ៤៤%  ចំណែកឯ ភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន៥.០២៧នាក់ បើប្រៀបធៀបនឹង ឆ្នាំ២០១៨ មានចំនួន  ៣.៧៧១នាក់  ថយចុះ  ២៥%។ គួរគូសបញ្ជាក់ដែរថា  នៅក្នុងខេត្តឧត្តរមានជ័យ  មានរមណីយដ្ឋាន÷ រមណីយដ្ឋានប្រវត្តិសាស្រ្តអន្លង់វែងមាន១៤កន្លែង  ដែលកំពុងទទួលបាននូវភាពទាក់ទាញពីភ្ញៀវជាតិ  និងអន្តរជាតិ  ក្នុងការសិក្សាស្រាវជ្រាវ  និងស្វែងយល់អំពីប្រវត្តិសាស្រ្តក្នុងរបបខ្មែរក្រហម  ប្រាសាទបុរាណមាន៩៨កន្លែង  ទួលប្រាសាទ  បុរាណ៤៧  រមណីយដ្ឋានធម្មជាតិ  ១០កន្លែង  ស្ពានបុរាណ  មាន១១កន្លែង  និងទួលបុរាណមាន៦៧កន្លែង។ ចំពោះសេវាសណ្ឋាគារ  ផ្ទះសំណាក់រួមមាន÷ សណ្ឋាគារចំនួន៥កន្លែង  សរុប៣២២បន្ទប់  ផ្ទះភ្ញៀវចំនួន៣៧កន្លែង  សរុប៥១១បន្ទប់  ផ្ទះជួលបន្ទប់ស្នាក់នៅចំនួន៤០កន្លែង  សរុប៣៥៤បន្ទប់  ភោជនីយដ្ឋានចំនួន៨កន្លែង  អាហារដ្ឋានចំនួន២៦កន្លែង  ផ្ទះលក់បាយចំនួន៧កន្លែង  ខារ៉ាអូខេចំនួន២៤កន្លែង  និងកន្លែងម៉ាស្សាចំនួន២៤កន្លែង។ ក្នុងនោះដែរ  ខេត្តឧត្តរមានជ័យ  មានច្រកទ្វារព្រំដែនចំនួន៣រួមមាន÷ច្រកជប់គគីរ  ច្រកអូរស្មាច់  និងច្រកជាំសាង៊ាំ  ដែលជាប់ជាមួយខេត្ត៣នៃព្រះរាជាណាចក្រថៃ  រួមមាន÷ខេត្តបុរីរ៊ាំ  ខេត្តសុរិន្ទ  និងខេត្តស៊ីសាកេត ។ ដោយច្រកទ្វារព្រំដែនចំនួន២ជាច្រកទ្វារអន្តរជាតិរួមមាន÷ច្រកទ្វារអន្តរជាតិអូរស្មាច់  និងច្រកទ្វារអន្តរជាតិជាំសាង៊ាំ  ហើយច្រកមួយទៀតជាច្រកតំបន់ប៉ុណ្ណោះ។

អត្ថបទទាក់ទង