(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការសិក្សា និងវាយតម្លៃហេតុប៉ះពាល់លើគម្រោងខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុល ចាប់ពីអនុស្ថានីយ៍អគ្គិសនីដើរដោយថាមពលធ្យូងថ្មកម្លាំង២០០មេហ្កាវ៉ាត់ ស្រុកត្រពាំងប្រាសាទ នៃខេត្តឧត្តរមានជ័យ ទៅកាន់អនុស្ថានីយ៍ខាងកើតសៀមរាប នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ រៀបចំដោយក្រុមហ៊ុន សាវ៉ាក់ ខនសាល់ធេន សហការជាមួយទីចាត់ការអន្តរវិស័យ សាលាខេត្តឧត្តរមានជ័យ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ប្រធានមន្ទីររ៉ែ និងថាមពល អភិបាលរងស្រុកត្រពាំងប្រាសាទ ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ អនុប្រធានមន្ទីរបរិស្ថាន អនុប្រធានមន្ទីរអភិវឌ្ឍជនបទ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេឃុំ និងអ្នកពាក់ព័ន្ធនានា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺផ្តោតលើការពិនិត្យ និងពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ (១).គន្លងខ្សែបញ្ជូនអគ្គិសនី១៥ម សងខាន(៣០ម) ប្រវែង១៣៤.២៨គ.ម រាល់ដើមឈើឬដំណាំយូរអង្វែងដូចជាដូង ស្វាយ ខ្នុរ ឬ ដំណាំហូបផ្លែផ្សេងទៀត ដែលមានកម្ពស់លើសពី៣ម និងសំណង់ឯកជន ដូចជា អគារ ផ្ទះ តូបលក់ដូរ កំពស់លើសពី៣ម នឹងត្រូវរុះរើចេញពីក្រោមគន្លង (២).ផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជា៖ មន្ទីរពេទ្យ សាលារៀន វត្តអារាម។ល។ (៣).ទីតាំងវប្បធម៌ សហគមន៍ សិក្សាទៅតាមគន្លង និងទីតាំងដាំបង្គោល។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានស្នើដល់ម្ចាស់គម្រោងផងដែរ ទាក់ទងនឹងបញ្ហា៖ (១).ត្រូវដោះស្រាយផលប៉ះពាល់លើលំនៅដ្ឋាន ទ្រព្យសម្បតិ្ត ផលដំណាំ របស់ប្រជាពលរដ្ឋឱ្យបានរួចរាល់ជាមុនសិន មុននឹងចាប់ផ្តើមសាងសង់ ដោយត្រូវបង្ហាញយន្តការ និងនីតិវិធីក្នុងការដោះស្រាយ (២).ត្រូវពិគ្រោះយោបល់ជាមួយអាជ្ញាធរថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងអ្នកពាក់ព័ន្ធផ្សេងទៀត (៣). ទីចាត់ការអន្តរវិស័យត្រូវបង្កើតជាក្រុមក្នុងTelegramដែលមានសមាសភាពអ្នកពាក់ព័ន្ធទាំងអស់ សម្រាប់ធ្វើការទំនាក់ទំនងលើគម្រោងខ្សែបញ្ជូននេះ និងចូលរួមសហការ (៤).ប្រជុំផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោង ការចុះវាស់វែងជាក់ស្តែង។