(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីពិភាក្សាដោះស្រាយបញ្ហាក្រុមហ៊ុន សហគ្រាស បណ្តាអាជីវករដែលប្រកបអាជីវកម្មនៅតាមបណ្តាផ្សារ អាហារដ្ឋាន អាគារធំៗដែលមិនទាន់បានសុំច្បាប់លើកផ្ទាំងប៉ាណូ អាហ្វីស ស្លាកយីហោ របាកាត់ទទឹងផ្លូវតាមទីសាធារណៈក្នុងខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ប្រធានមន្ទីរព័ត៌មាន ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ អភិបាលរងក្រុង ស្រុក អនុប្រធានសាខាពន្ធដារខេត្ត នាយកទីចាត់ការអន្តរវិស័យ និងអ្នកពាក់ព័ន្ធនានា។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺផ្តោតលើការគ្រប់គ្រងនិងជម្រុញការផ្តល់សេវាសាធារណៈលើការផ្សព្វផ្សាយពាណិជ្ជកម្មដូចជា៖ ផ្ទាំងប៉ាណូ អាហ្វីស ស្លាកយីហោ របាកាត់ទទឹងផ្លូវតាមទីសាធារណៈប្រកបដោយប្រសិទ្ធភាពជៀសវាងការផ្តល់សេវាជាន់គ្នា ស្របតាមលិខិតបទដ្ឋានគតិយុត្តិរបស់ថ្នាក់ជាតិដែលបានធ្វើប្រតិភូកម្មអំណាចមកថ្នាក់ក្រោមជាតិ។
បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖(១). ការលើកផ្ទាំងប៉ាណូ ត្រូវស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត រួមមានសេវាស្នើសុំទីតាំងលើកផ្ទាំងប៉ាណូ និងផ្សព្វផ្សាយពាណិជ្ជកម្មតាមប៉ាណូស្របតាមប្រកាសប្រតិភូកម្មពីក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (២).ការផ្សព្វផ្សាយពាណិជ្ជកម្មអាហ្វីស ត្រូវស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត រីឯស្លាកយីហោ ត្រូវស្នើសុំនៅការិយាល័យច្រកចេញចូលតែមួយតាមបណ្តាសាលាក្រុង ស្រុក (៣). រដ្ឋបាលខេត្តនឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ពាក់ព័ន្ធនឹងសេវាខាងលើ ដែលពុំទាន់បានសុំច្បាប់ ឬផុតសុពលភាព ត្រូវមកស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ឬការិយាល័យច្រកចេញចូលតែមួយសាលាក្រុង ស្រុក (៤). បង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងពាក់ព័ន្ធនឹងសេវានានាខាងលើនេះ។