រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ព្រឹត្តិការណ៍​ កីឡាទេសចរណ៍អន្លង់វែង លើកទី២ ក្រោមប្រធានបទ(ថ្មើជើងប្រវត្តិសាស្ត្រ)

  • 1.9ពាន់
  • ដោយ SEANGHIM

ថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តឧត្ដរមានជ័យ បើកព្រឹត្តិការណ៍​ កីឡាទេសចរណ៍អន្លង់វែង លើកទី២ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងប្រតិភូអមដំណើររបស់ក្រសួងទេសចរណ៍ និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភបាលខេត្តឧត្ដរមានជ័យ ដោយមាន​ការ​ចូលរួមពីសំណាក់ប្រតិភូខេត្តសុរិន្ទ ខេត្តស៊ី-សាកេត ​និងខេត្តឧត្តរមានជ័យ រួមនឹងក្រុមកីឡាករ កីឡាការិនី យ៉ាងច្រើនកុះករទាំងពីរប្រទេសដែលបានមកជួបជុំគ្នាសរុបប្រមាណជាង១៥០០នាក់ នៅលើ​ខ្នងភ្នំដងរ៉ែក ត្រង់ចំណុចទីតាំងបរិវេណពើយតាម៉ុក ស្ថិតនៅក្នុង​ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ឯកឧត្ដម អភិបាលខេត្ត បានមនប្រសាសន៍លើកឡើងថា ការរៀបចំព្រឹត្តការណ៍នេះឡើងគឺមិនត្រឹមតែពង្រឹងការរឹតចំណងមិត្តភាព មេត្រីភាពជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងភូមិផងរបងជាមួយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើនការចាប់អារម្មណ៍ទៅលើសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់អន្លង់វែង លើចំនុច​គោលនៃសន្តិភាព សន្តិសុខ និងវិបុលភាពរបស់ប្រទេសកម្ពុជា និងដើម្បីបង្ហាញដល់ពិភពលោកថាកម្ពុជាគឺមានសុខសន្តិភាពពេញលេញបរិបូរណ៌ អាចឱ្យភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរបានគ្រប់ទីកន្លែងទាំងអស់។​ ទន្ទឹមនេះ ទីតាំងដែលបានរៀបចំនូវព្រឹត្តការណ៍ គឺស្ថិតនៅស្រុកអន្លង់វែង ដែលជាស្រុកមួយរបស់ខេត្តឧត្តរមានជ័យ ស្ថិតនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា និងមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ដែលសម្បូណ៌ទៅដោយទីតាំងប្រវត្តិសាស្ត្រដ៏សោកសង្រេងជាច្រើនរបស់កម្ពុជា ជាពិសេស ស្រុកអន្លង់វែង ត្រូវបានស្គាល់ជាតំបន់តស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម និងបានបន្សល់នូវស្លាកស្នាមនៃការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយអតីតកម្មាភិបាលជាច្រើនបន្តរស់នៅក្នុងតំបន់នេះ រហូតមកដល់សព្វថ្ងៃ។

ជាចុងបញ្ចប់ ឯកឧត្ដម បានផ្ដាំផ្ញើដល់ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជួយ​សម្របសម្រួលក្នុងការឆ្លង​កាត់ចេញ-ចូលតាមច្រកទ្វារព្រំដែនឲ្យបានដំណើរការល្អប្រសើរ និងក្រុមគ្រូពេទ្យចូលរួមសហការ​ត្រៀម​ជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ក្នុងករណីគ្រោះថ្នាក់ដែលអាចកើតមានឡើងជា​​យ​ថា​ហេតុ ជាពិសេស ​កងកម្លាំង​ប្រដាប់អាវុធ សូមចាត់ចែងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជូនក្រុមកីឡាករ និងក្រុមសំដែងសិល្បះផ្សេងៗក្នុង​អំឡុងពេលដំណើរការព្រឹត្តិការណ៍ឲ្យបាន ល្អប្រសើរប្រកប​ដោយ​ការទទួលខុសត្រូវតាម​សមត្ថកិច្ចរៀងៗខ្លួន ។

អត្ថបទទាក់ទង