រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ពិធីសំណេះសំណាលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជាមួយក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋាន នៅក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជាមួយក្រុមប្រឹក្សាឃុំ -សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ -សង្កាត់ ក្នុងក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ក្រោមអធិបតីភាព ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅសាលប្រជុំធំសាលាក្រុងសំរោង និងនៅសាលាស្រុកបន្ទាយអំពិល។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា ក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង អភិបាលរងស្រុក នាយករដ្ឋបាល ការិយាល័យជំនាញជុំវិញក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ -សង្កាត់ និងមន្រី្តរាជការ។

គោលបំណងនៃអង្គពិធី គឺដើម្បីលើកកម្ពស់សមត្ថភាព និងពង្រឹងការអនុវត្តតួនាទី ភារកិច្ច ក្នុងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន។ ជាមួយគ្នានេះ អង្គពិធី បានស្តាប់នូវបទបង្ហាញ ការពិភាក្សា និងអនុសាសន៍ដូចខាងក្រោម៖
១-បទបង្ហាញស្តីពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា
២-ការផ្តល់សេវារដ្ឋបាលសាធារណៈ
៣-ការងារអត្រានុកូលដ្ឋាន
៤-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន
៥-ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៦-ការពិនិត្យលើមូលនិធិអភិវឌ្ឍន៍ឃុំ
៧-បញ្ហាគ្រឿនញៀន និងការបង្ការគ្រោះថ្នាក់ចរាចរណ៍នៅមូលដ្ឋាន
៨-ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

ទន្ទឹមនេះ ឯកឧត្តម ប៉ុល លឹម ក្នុងនាមប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ដែលមានខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តឧត្តរមានជ័យ បានសម្តែងនៅសុទិដ្ឋិនិយមខ្ពស់ចង់ឱ្យខេត្តទាំងប្រាំកាន់តែមានសន្ទុះក្នុងការអភិវឌ្ឍន៍ខេត្តរបស់ខ្លួន។ មួយវិញទៀតក្នុងដំណើរបំពេញបេសកម្មនាពេលនេះ ក៏ជាឱកាសមួយដើមី្បធ្វើការស្វែងយល់អំពីស្ថានភាពទូទៅ និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងធ្វើការផ្លាស់ប្តូរបទពិសោធន៍លើការងារទាំងនោះផងដែរ ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តឧត្តរមានជ័យ អាជ្ញាធរក្រុង-ស្រុក ក៏ដូចជាឃុំ-សង្កាត់ លើការអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព ដើមី្បទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងទាក់ទាញអ្នកវិនិយោគផងដែរ។ ក្នុងនោះដែរ ឯកឧត្តម ក៏បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើមី្បជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមក ដើមី្បធ្វើការកែប្រែ ប្រកបទៅដោយសន្តិវិធី ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើមី្បជាទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

អត្ថបទទាក់ទង