រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

កិច្ចប្រជុំស្តីពីការធ្វើអាជីវកម្មជីកអាចម៍ដីលក់ក្នុងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នៅព្រឹក​​ថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូ អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការធ្វើអាជីវកម្ម ជីកអាចម៍ដីលក់ក្នុងខេត្តឧត្តរមានជ័យ នៅសាលប្រជុំលេខ១២ សាលាខេត្តឧត្តរមានជ័យ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ប្រធានមន្ទីររ៉ែ និងថាមពល អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន អនុប្រធានមន្ទីរបរិស្ថាន ស្នងការរងនគរបាលខេត្ត អភិបាលរងក្រុងសំរោង នាយកទីចាត់ការអន្តរវិស័យ ចៅសង្កាត់ទាំងប្រាំ និងមន្រ្តីទីចាត់ការអន្តរវិស័យ។

បន្ទាប់ពីការលើកឡើងនូវបញ្ហានានា និងការពិភាក្សាផ្តោះប្តូរយោបល់រួចមក កិច្ចប្រជុំសម្រេចបាន​នូវ​​លទ្ធផល ដូចខាងក្រោម

- ការធ្វើអាជីវកម្មជីកអាចម៍ដី ត្រូវធ្វើការស្នើសុំច្បាប់

- ត្រូវចុះត្រួតពិនិត្យឡានដឹកដី ទាំងលក្ខណៈបច្ចេកទេស និងផ្លាកលេខរថយន្ត។ ករណី ឡានដឹកដីស្លាកលេខខេមរភូមិន្ទ ស្នើសុំឱ្យខាងកងរាជអាវុធហត្ថចូលរួមត្រួតពិនិត្យ

- ម្ចាស់អាជីវកម្មជីកអាចម៍ដី មុននឹងចាក់អាចម៍ឱ្យម្ចាស់ដី ត្រូវឱ្យម្ចាស់ដីមកស្នើសុំច្បាប់ ចាក់បំពេញអាចម៍ដីជាមុនសិន ក្រោម១០០០មនៅច្រកចេញចូលតែមួយសាលាក្រុង

- រឹតបន្តឹងចំពោះអ្នកដឹកដី មិនគោរពតាមសារាចរណែនាំរបស់ ក្រសួងរ៉ែ និងថាមពល

- ក្រុង-សង្កាត់ មន្ទីរ-ជំនាញពាក់ព័ន្ធ ស្នើឱ្យខេត្ត កម្លាំងកងរាជអាវុធហត្ថ នគរបាលសណ្តាប់ធ្នាប់ ចុះត្រួតពិនិត្យការដឹកជញ្ជូនដីឥតសណ្តាប់ធ្នាប់ក្នុងក្រុង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប្រធានអង្គប្រជុំ ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញត្រូវចូលរួមសហការកគ្នា ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសលើរថយន្តដឹកដីទាំងនោះ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

អត្ថបទទាក់ទង