ខេត្តឧត្តរមានជ័យ៖ ថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម យុវជនសសយក ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ1119នាក់បានចូលរួមក្នុង ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ លើកទី៥ ។
ក្នុងឱកាសដ៏មហោឡារិកនេះ ឯកឧត្តមអភិបាលខេត្តបានសំដែងនូវការអបអរសាទរ និងគាំទ្រខ្ពស់បំផុតចំពោះការរៀបចំឲ្យមានទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនេះឡើង ក្នុងគោលបំណងបំផុសការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល ជាពិសេសបងប្អូនប្រជាពលរដ្ឋ បានយល់ដឹង គាំទ្រ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយកងកម្លាំងសមត្ថកិច្ចប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងមហន្តរាយដោយអគ្គិភ័យ ព្រមទាំងលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការបង្ការ និងពន្លត់អគ្គិភ័យរបស់អង្គភាពមានសមត្ថកិច្ចពន្លត់អគ្គិភ័យឲ្យកាន់តែវិវត្តន៍រីកចម្រើន ស្ទាត់ជំនាញ ទទួលបាននូវជំនឿជឿជាក់ពីសំណាក់សាធារណជន ។
ផ្អែកតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហុង ចម្រើន ស្នងការរងនគរបាលខេត្ត បានគូសបញ្ជាក់ថាក្នុងឆ្នាំ២០១៩កន្លងមកនេះ មានករណីគ្រោះមហន្តរាយដែលបណ្តាលមកពីអគ្គិភ័យចំនួន០៣លើក និងដើមឆ្នាំ២០២០នេះ បានកើតឡើងចំនួន០២លើក បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ប៉ុន្តែត្រូវបានកងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍បានទាន់ពេលវេលា ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធដែលបានចូលរួមសហការគ្នាល្អ ក្នុងការយកចិត្តទុកដាក់ចូលរួមជួយប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះអគ្គិភ័យបានទាន់ពេលវេលា និងសូមលើកទឹកចិត្តឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់បន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងបុព្វហេតុជាតិ និងប្រជាជនយើង នឹងបានផ្តាំផ្ញើរដូចខាងក្រោម៖
- អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋក្នុងដែលសមត្ថកិច្ចរបស់ខ្លួនដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមកាន់តែសកម្មក្នុងចលនាបង្ការ និងពន្លត់អគ្គិភ័យក្នុងមូលដ្ឋានរបស់ខ្លួន។
- សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលចំពោះដើមចមដែលអាចបង្កឲ្យកើតមានអគ្គិភ័យដូចជា ភ្លើងចង្រ្កាន ភ្លើងទៀន ភ្លើងចង្កៀង ធូប ភ្លើងដុតសំរាម ភ្លើងព្រៃ បារី រំសេវកាំជ្រួច ប្រេងឥន្ធនៈ ចរន្តអគ្គិសនី ឧស្ម័នចំហេះ សារធាតុគីមី និងវត្ថុដែលងាយឆេះនិងងាយផ្ទុះឆេះគ្រប់ប្រភេទ ជាដើម។