រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ជួប​សំណេះ​​​សំណាល និងសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ

  • 879
  • ដោយ SEANGHIM

នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី​ជួប​សំណេះ​​​សំណាល និងសួរសុខទុក្ខមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដើម្បីចូលរួមផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុង​បំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែន​ក្នុងខេត្ត​ឧត្តរមាន​ជ័យ ដែលកំពុងបំពេញបេសកកម្មអនុវត្តវិធានការនានា​របស់​រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនូវការ​រីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ ព្រមទាំងដើម្បីថែរក្សា​ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមច្រកព្រំដែន ខេត្តឧត្ដរមានជ័យ។

ក្នុងពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងអង្គភាពពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តមមានជ័យ បានថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោមថាច្រកទ្វារព្រំដែនដែលបានបិទនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមមានច្រកទ្វារព្រំដែនជប់គគី ច្រកទ្វារអន្តរជាតិអូរស្មាច់ និងច្រកទ្វារអន្តរជាតិជាំ ហើយថាអភិបាលខេត្តទាំងពីរ កម្ពុជា ថៃ បានព្រមព្រៀងគ្នា និងឯកភាពរួមសហការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ សម្របសម្រួលការឆ្លងដែនសង្គ្រោះបន្ទាន់លើកលែងតែអ្នកជំងឺកូវីដ១៩ សហការគ្នាសម្របសម្រួលការឆ្លងដែនចេញចូលទំនិញពាណិជ្ជកម្ម កាត់បន្ថយម៉ោងបិទព្រំដែន និងបន្តទំនាក់ទំនងគ្នាជាប្រចាំ។

ឯកឧត្តមបានបន្តថាប្រជាពលរដ្ឋ ដែលបានឆ្លងដែនចូលប្រទេសវិញ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមីនា គិតត្រឹមម៉ោង៤ និង៣០នាទីរសៀល មានជាង១២០០នាក់ ក្នុងនោះជាង៤០០នាក់គឺជាប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ហើយភាគច្រើនអាជ្ញាធរបានក្ដាប់អត្តសញ្ញាណបាន ។ ដោយឡែកអាជ្ញាធរខេត្តក៏បានរៀបចំទីតាំងសម្រាប់ដាក់ឱ្យនៅដោយឡែកនូវប្រជាពលរដ្ឋមានការសង្ស័យ រួមមានមន្ទីរពេទ្យបង្អែក ផ្ទះសំណាក់ វិទ្យាល័យ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាមួយគ្នានេះគណៈបញ្ជាការឯកភាពរដ្ឋបាលបានចុះអប់រំផ្សព្វផ្សាយណែនាំដល់គ្រប់ភូមិទូទាំងខេត្តឧត្តរមានជ័យដែរ ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមរាជរដ្ឋាភិបាល និងសម្ដេចតេជោ បានថ្លែងកោតសរសើររដ្ឋបាលខេត្ត ក្រងស្រុក ឃុំសង្កាត់ ភូមិ និងក្រុមការងារថ្នាក់ជាតិ ដែលបានរួមគ្នាជាមួយសមត្ថកិច្ចព្រំដែន ព្រមទាំងប្រជាពលរដ្ឋ ក្នុងកិច្ចការពារព្រំដែន គ្រប់គ្រងច្រកទ្វារព្រំដែន និងការចេញចូលរបស់ពលរដ្ឋទាំងសងខាងទាំងកន្លងមក និងជាពិសេសក្នុងពេលដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដ៏កាចសាហាវ។

សម្ដេចបានមានប្រសាសន៍ថាក្នុងស្ថានភាពប្រឈមនឹងការរីករាលជំងឺនេះ មានពលរដ្ឋខ្មែរយើងមួយចំនួនបានសំរុកវិលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ ដូច្នេះមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវត្រៀមលក្ខណៈទទួលស្វាគមន៍ពលរដ្ឋយើងឱ្យបានល្អជាបន្តទៀត និងត្រូវមានវិធានការម៉ឺងម៉ាត់តាមក្បួនសុខាភិបាល។ សម្ដេចបានបន្ថែមថាអាជ្ញាធរខេត្តឧត្តរមានជ័យក៏ត្រូវស្នើសុំកិច្ចសហការជាមួយភាគីថៃដើម្បីកំណត់ជាក់លាក់នូវច្រកអនុញ្ញាតឱ្យពលរដ្ឋឆ្លងដែនវិលចូលប្រទេសដែរ ។

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ក៏បានណែនាំឱ្យរដ្ឋបាលខេត្តត្រូវត្រៀមមន្ត្រីពាក់ព័ន្ធនៅតាមបណ្ដាច្រករបៀងមួយចំនួនដែរ ដើម្បីធានាថាប្រសិនពលរដ្ឋខ្លះងាកទៅឆ្លងដែនតាមច្រករបៀង គឺយើងអាចគ្រប់គ្រងពួកគាត់បាន ទាំងការកំណត់អត្តសញ្ញាណ និងការពិនិត្យសុខភាព ហើយតំណាលគ្នានេះក៏ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំពួកគាត់ឱ្យបានដឹងពីសារៈសំខាន់នៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ពេលធ្វើដំណើរទៅស្រុកកំណើត ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះដល់ក្រុមគ្រួសារសាច់ញាតិ និងអ្នកភូមិ ។

សម្ដេចបានមានប្រសាសន៍ថាគិតត្រឹមពេលនេះ ចាប់ពីថ្ងៃទី២២ ខែមីនាមក អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស បានក្ដាប់ចំនួនប្រជាពលរដ្ឋវិលពីប្រទេសថៃទៅដល់ស្រុកកំណើតមានប្រមាណជាង៤ម៉ឺននាក់ ។ សម្ដេចបានមានប្រសាសន៍ថាការក្ដាប់វត្តមានពួកកាត់មានសារៈសំខាន់ណាស់ ដូច្នេះអភិបាលរាជធានីខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ឃោសនាអប់រំផ្សព្វផ្សាយនៅចំណុចក្ដៅៗនៃបញ្ហានេះដល់ប្រជាពលរដ្ឋ ពិសេសការនៅជួបជុំគ្នា ដ្បិតបើតាមភាគីវៀតណាមចែករំលែកបទពិសោធន៍មកនោះ គឺពលរដ្ឋវៀតណាម្នាក់ដែលមកពីវូហានបានចម្លងអ្នកភូមិ៥នាក់ឯណោះ ។

មុននឹងបញ្ចប់ការថ្លែងសំណេះសំណាលនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងចំណុះរដ្ឋបាលខេត្តឧត្តរមានជ័យទាំងអស់ នឹងបន្តខិតខំបំពេញភារកិច្ច ពិសេសនៅក្នុងស្ថានភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបានផ្ដល់ជូនថវិកា សម្ភារៈ និងគ្រឿងបរិភោគជូនអង្គភាពពាក់ព័ន្ធមួយចំនួន សម្រាប់ចែកជូនកងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធទាំង១១អង្គភាព ក្នុងមួយអង្គភាពទទួលបាន៖ ថវិកាចំនួន២លានរៀល, អង្ករចំនួន ១តោន, មី២៤កេសតូច, សាប៊ូដុំចំនួន១០០ដុំ និងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ទទួលបានថវិកាចំនួន២ លានរៀល និងអង្ករ១ តោន។

អត្ថបទទាក់ទង