រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត ដឹកនាំក្រុមការងារនាំយកអំណោយ ជូនដល់គ្រួសារក្រីក្រខ្វះខាត ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖  នៅព្រឹកថ្ងៃអាទិត្យ  ទី១២  ខែមេសា  ឆ្នាំ២០២០   ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ  បានដឹកនាំ មន្ទីរ-អង្គភាពជំនាញ  នាំយកថវិកា និងអំណោយមួយចំនួន  ជូនដល់ គ្រួសារដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ  កំឡុងពេលវិបត្តិ កូវីដ១៩  ចំនួន៥គ្រួសារ  ក្នុងស្រុកចុងកាល់ រួមមាន៖  ឃុំពង្រចំនួន០១គ្រួសារ  ឃុំចុងកាល់ចំនួន២គ្រួសារ  និងឃុំជើងទៀនចំនួន២គ្រួសារ  ។

ជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលស្រុក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា  និងនវានុវត្តន៍ លោកស្រី អនុប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រធានអង្គភាពលទ្ធកម្មខេត្ត មេឃុំ មេភូមិ និងកម្លាំងប្រជាការពារ។

អំណោយដែលបានផ្តល់ជូននាពេលនោះ  ដោយក្នុងមួយគ្រួសារ ៗទទួលបាន៖ថវិកា ១០ម៉ឺនរៀល  អង្ករ២០គ.ក ឃីត១កញ្ចប់ រួមមាន៖ មី១កេស មុង១  សារុង១  ភួយ១ក្រម៉ា១  និងប៊ីចេង១គ.ក។  ក្នុងឱកាសនោះដែរ  ឯកឧត្តម  ក៏បានណែនាំ ដល់អាជ្ញាធរភូមិ-ឃុំ  ត្រូវធ្វើការចុះអប់រំផ្សព្វផ្សាយ អំពីវិធានការនានា  របស់ក្រសួងសុខាភិបាល  ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា  ដើម្បីបង្ការ  ទប់ស្កាត់នឹងជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ  ជាពិសេសបងប្អូន ប្រជាពលរដ្ឋដែលទើបតែធ្វើចំណាកស្រុកមកថ្មីៗ។

ឆ្លៀតក្នុងឱកាសនោះ  ឯកឧត្តម  ក៏បានដឹកនាំក្រុមការងារបន្តចុះ ពិនិត្យមើលគោលដៅឈរជើង របស់សមត្ថកិច្ចក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ខេត្ តរបស់បងប្អូនប្រជាពលរដ្ឋរវាងខេត្ត ឧត្តរមានជ័យ  និងខេត្តសៀមរាប  ស្ថិតនៅព្រំប្រទល់ខេត្ត  ឃុំជើងទៀន  ស្រុកចុងកាល់  ខេត្តឧត្តរមានជ័យ  និងបានចូលរួមឧបត្ថម្ភជា ថវិកាចំនួន  ៣០ម៉ឺនរៀល។ ដោយអនុវត្តតាម បទបញ្ជាលេខ០២  បប  ចុះថ្ងៃទី០៩  ខែមេសា  ឆ្នាំ២០២០  របស់រាជរដ្ឋាភិបាលកម្ពុជា  ស្តីពីការ ដាក់កំហិតការធ្វើដំណើរក្នុងប្រទេស  ដើម្បីបង្ការ  និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ១៩  កំឡុងពេលឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

អត្ថបទទាក់ទង