នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ សាលាខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំ ក្រុមការងារគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គមរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឌី រ៉ាដូ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងគេហទំព័រ និងបណ្ដាញសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ ក្នុងនោះដែរ ក៏មានការ អញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងទីចាត់ការនានា ចំណុះរចនាសម្ព័ន្ធសាលាខេត្ត។
ក្នុងឱកាសនោះ ឯកឧត្ដម ឌី រ៉ាដូ បានមានប្រសាន៍លើកឡើងអំពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីវិស័យព័ត៌មាននៅក្នុងខេត្តឧត្ដរមានជ័យ និងតាមដានឈ្វេងយល់ប្រមូលផ្ដុំព័ត៌មានប្រចាំថ្ងៃពីគ្រប់ទិសទីតាមបណ្ដាមន្ទីរ-អង្គភាព ដើម្បីធ្វើការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្ដមបានបន្តថាអ្នកសារព័ត៌មានទាំងអស់គួរគប្បីប្រកាន់ខ្លួនដើរតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងពីការពិតរបស់សង្គម និងរឿងរ៉ាវផ្សេងៗ បន្តធ្វើជាស្ពានពីរដ្ឋទៅប្រជាជន ពីប្រជាជនទៅរដ្ឋនូវកម្មវិធី នយោបាយនិងឱ្យរដ្ឋបានដឹងពីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានមករដ្ឋវិញ លើកលែងតែបញ្ហាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិ ,ជួយរិះគន់ស្ថាបនាលើគោលនយោបាយ និងការអនុវត្តទាំងស្ថាប័នរដ្ឋ , ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មិននិយាយបំផ្លើស ញុះញុងឡើយ ដើម្បីឱ្យស្របនូវពាក្យស្លោក របស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អ្នកព័ត៌មានថា "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត"។
ឯកឧត្ដម បានផ្ដាំផ្ញើដល់មន្ទីរ-អង្គភាពទាំងអស់ ត្រូវរួបរួមគ្នាជាមួយ មន្ទីរព័ត៌មាន ដើម្បីធ្វើផ្សព្វផ្សាយអំពីសកម្មភាព និងការអភិវឌ្ឍតាម បណ្ដាមន្ទីរ-អង្គភាព ក៏ដូចជាខេត្តទាំងមូល ឱ្យកាន់ទូលំទូលាយ ឡើងថែមទៀត។ជាពិសេស ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹង ព័ត៌មានក្លែងក្លាយ តាមរយៈវិធីបញ្ចេញនូវព័ត៌មានពិតតាមប្រព័ន្ធ ផ្សព្វផ្សាយផ្សេងៗជាច្រើនទៀតផងដែរ។