(ឧត្តរមានជ័យ): នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឌី រ៉ាដូអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មាន ដល់សិក្ខាកាមជាមន្ត្រីទទួលបន្ទុកព័ត៌មានសាលាខេត្ត ក្រុង-ស្រុក និងមកពីតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ដែលរៀបចំដោយរដ្ឋបាលខេត្ត ឧត្តរមានជ័យសហការជាមួយមន្ទីរព័ត៌មាន ខេត្ត នៅសាលប្រជុំសាលាខេត្តចាស់ មានសិក្ខាកាមចូលរួមចំនួន៩២នាក់ ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី នាយករងរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរព័ត៌មានខេត្ត នាយក-នាយករងទីចាត់ការរដ្ឋបាល មន្រ្តីទទួលបន្ទកព័ត៌មានសាលាខេត្ត ក្រុង-ស្រុក និងតាមបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត។
ការរៀបចំឱ្យមានជាវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណងផ្ដល់ឱកាសដល់សិក្ខាកាមទាំងអស់ បានឈ្វេងយល់ពីការវិវត្តន៍ជឿនលឿនតួនាទីបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ក្នុងបរិបទលំហូរព័ត៌មានយុគសម័យឌីជីថល ការចែករំលែកបទពិសោធន៍ ចំណេះជំនាញ និងគន្លឹះក្នុងការរៀបចំចងក្រង សរសេរខ្លឹមសារព័ត៌មាន និងការផលិតរូបភាព សម្រាប់យកទៅផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមរបស់មន្ទីរ-អង្គភាពរៀងៗខ្លួន។
ក្នុងនោះផងដែរ ឯកឧត្តម ឌី រ៉ាដូ បានមានប្រសាសន៍លើកឡើងថា ក្នុងបរិបទនៃលំហូរព័ត៌មានក្នុងយុគសម័យឌីជីថលនេះ វិស័យផ្សព្វផ្សាយ ពិតជាបានដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់នូវព័ត៌មានពិតសម្រាប់សាធារណៈជន និងជាប្រយោជន៍ដ៏ឧត្តុងឧត្តមក្នុងការរួមចំណែកដល់ដំណើរការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនជឿនលឿនទៅមុខ។ ដូច្នេះ ព័ត៌មានទាំងនោះ ទាមទារឱ្យអ្នកសរសេរ និងផលិតព័ត៌មានត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ មានចំណេះជំនាញ មានក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ច្បាស់លាស់ ក្នុងការរៀបចំសរសេរខ្លឹមសារ និងការផលិតរូបភាព ឱ្យទទួលការចាប់អារម្មណ៍ពីមហាជន ក៏ដូចជាសាធារណៈមតិ និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ព័ត៌មានបំពុលសង្គម ដែលអាចបង្កជាមហន្តរាយណាមួយដល់សន្តិសុខ ស្ថិរភាព នយោបាយ និងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថាវគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ នឹងពិតបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព ជំនាញដល់សិក្ខាកាមជាមន្ត្រីព័ត៌មានយ៉ាងជាក់ជាមិនខាន យ៉ាងហោចណាស់ក៏អាចឱ្យស្គាល់ថាអី្វទៅជាព័ត៌មានពិត និងសារៈសំខាន់នៃព័ត៌មាន អ្វីជាតួនាទីរបស់អ្នកសារព័ត៌មាន និងរបៀបរបប ក្នុងការសសេរព័ត៌មានមួយដែលមានខ្លឹមសារស៊ីជម្រៅ ច្បាស់លាស់ ទាន់សភាពការណ៍ និងមានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានសហការល្អ ក្នុងការរៀបចំចងក្រងជាឯកសារ និងចាត់បញ្ជូនគ្រូបង្គោល ដើម្បីជួយសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ។ ជាងនេះទៅទៀត ឯកឧត្តម អភិបាលរងខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនជាសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់នូវបទបង្ហាញរបស់លោកគ្រូឧទ្ទេស ចូលរួមពិភាក្សាឱ្យបានផុលផុស និងត្រូវមានវត្តមានចូលរួមឱ្យបានពេញលេញ ដល់ចប់វគ្គ ដើម្បីញ៊ាំងឱ្យវគ្គបណ្ដុះបណ្ដាលនេះ ប្រពឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់។