រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងប្រេងកាតដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តឧត្ដរមានជ័យ

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជាអធិបតីរួមនិងឯកឧត្ដម អឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាតនិងវគ្គបណ្តុះបណ្តាលស្តីពី ហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដល់អាជ្ញាធរមូលដ្ឋានក្នុងខេត្តឧត្ដរមានជ័យ ដែលរៀបចំដោយមន្ទីររ៉ែ និងថាមពលខេត្ត ក្នុងសណ្ឋាគារឈើនប្រាក់កប ដោយក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី អភិបាលរងក្រុង-ស្រុក អនុប្រធានមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កងកម្លាំងទាំងបីប្រភេទ ភូមិបាលក្រុង-ស្រុក មន្រ្តីសាលាខេត្ត មន្រ្តីមន្ទីររ៉ែ និងថាមពល ចៅសង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់សរុបជាង៦០នាក់ ។

អង្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាព ក្នុងការគ្រប់គ្រង និងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយនិងអ្នកធ្វើការស្តុកទុកផលិតផលប្រេងកាត។ ជាពិសេសនោះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានា ដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចជាការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានាជាធរមានផងដែរ។

ឯកឧត្ដម ឌី រ៉ាដូ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ គឺជាការឆ្លុះបញ្ជាំងឱ្យឃើញអំពីការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្ដែងវិស័យប្រេងកាតនៅកម្ពុជា និងដើម្បីឱ្យសិក្ខាកាមទាំងអស់ ទទួលបាននូវចំណេះដឹងថ្មីៗអំពីវិស័យប្រេងកាត រួមមានច្បាប់អំពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ការគ្រប់គ្រងហានិភ័យ នៃការធ្វើអាជីកម្មលើស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ បែបបទនិងនិតិវិធីនៃការដាក់ពាក្យស្នើរសុំ សារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសនិតិវិធីស្ដីពីការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពប្រេងឥន្ធនៈដើម្បីជាការចូលរួមចំណែកក្នុងការអនុវត្តច្បាប់ និងទទួលបាននូវសុខសុវត្ថិភាពលើអាជីវកម្មក៏ដូចជាសាធារណៈជនទូទៅ។

ជាងនេះទៀត ឯកឧត្ដម ក៏បានយកឱកាសនេះ ធ្វើការផ្ដាំផ្ញើឱ្យ មន្ទីរ អាជា្ញធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ត្រូវតែចូលរួមផ្សព្វផ្សាយ និងអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ឱ្យខានបាននូវជំងឺកូវីដ-១៩ ដែលបាន និងកំពុងរាតត្បាតជាសកល កុំឱ្យកើតមានឡើងក្នុងមូលដ្ឋានរបស់យើង។

អត្ថបទទាក់ទង