នារសៀលថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ស្ដីពីការលើកកម្ពស់សន្តិសុខ សន្ដាប់ធ្នាប់ សុវត្ថិភាព នៅមណ្ឌលអប់រំកែប្រែពន្ធនាគារខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទលោកអភិបាលក្រុង និងមន្ត្រីជំនាញមួយចំនួនទៀត នៅសាប្រជុំស្នងការនគរបាលខេត្តឧត្តរមានជ័យ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពក្នុង និងក្រៅពន្ធនាគារខេត្ត និងកំណត់ភូមិសាស្រ្ត បម្រើឱ្យកិច្ចការពារ វិធីសាស្ត្រអន្តរាគមន៍គាំទ្រពេលមានហេតុការណ៍ចៃដន្យកើតឡើង និងកិច្ចសហប្រតិបត្តិការជំនាញរវាងពន្ធនាគារខេត្ត និងស្នងការនគរបាលខេត្ត៕ស៊ាងហ៊ីម