រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យ មេត្តាជ្រាបថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៦៣ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកឈូក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្លាប់បាត់បង់ជីវិតដោយសារ ជំងឺកូវីដ-១៩ ។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១:១៥នាទីព្រឹក បុរសខាងលើនេះ ត្រូវបានបញ្ជូនមកសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងស្ថានភាពសន្លប់ស្តូកស្តើងបាត់ស្មារតី ហើយក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់ តាមបច្ចេកទេស ប៉ុន្តែមិនទទួលបានជោគជ័យ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង ១៣:០០នាទីរសៀលថ្ងៃខែឆ្នាំដដែល។ ក្រោយពេលស្លាប់ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ត (Rapid Test) ទទួលបានលទ្ធផលបញ្ជាក់ វិជ្ជមានកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសវ័យ ៦៣ឆ្នាំខាងលើ គឺបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ វៃលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ ខ្សោយសួតខ្លាំងពេក។
ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ដែល មានដូចខាងក្រោម៖
* ត្រូវអនុវត្ត វិធានការ បីការពារជាប់ជាប្រចាំ៖
១៖ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុល ឬអាកុលដែលឱ្យបានលើសពី២០ដង ក្នុងមួយថ្ងៃ។
២៖ ត្រូវពាក់ម៉ាស់ ត្រូវខ្ទប់មាត់ និងច្រមុះ នៅពេលក្អក កណ្ដាស់ ដោយប្រើម៉ាស់ ប្រើកែងដៃ ឬប្រើក្រដាសជូត មាត់ ហើយត្រូវបោះចោលក្នុងធុងសំរាមបិទជិតត្រឹមត្រូវ។
៣៖ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច ១.៥ ម៉ែត្រឡើង ទៅពីម្នាក់ទៅម្នាក់។
* ត្រូវអនុវត្តវិធានការ ៣កុំ៖
១៖ កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ ឬការជួបជុំគ្នាច្រើន ឬពិធីដែលមានមនុស្សច្រើនពេក (Avoid crowded places)។
២៖ កុំទៅកន្លែងដែលបិទជិតឈឹង មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ ហើយប្រើម៉ាស៊ីនត្រជាក់ច្រើនពេក (Avoid close settings)។
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំឱបគ្នា កុំកៀកស្មាគ្នា នៅពេលជួបភ្ញៀវ ជាពិសេសនៅកន្លែងដែលមានមនុស្ស និយាយគ្នាច្រើន ហើយស្ថិតនៅជិតគ្នាពេក ហើយត្រូវប្រើវិធីសំពះគ្នាលើកដៃជាសញ្ញា ឬងក់ក្បាលជាដើម (Avoid close contacts) និងត្រូវរក្សាចម្ងាយពីគ្នាមួយម៉ែត្រកន្លះឡើងទៅ (Social and individual distancing)៕
ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey