រដ្ឋបាលខេត្តឧត្តរមានជ័យ

Oddarmeanchey Administration

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីបំភ្លឺព័ត៌មាន ស្ដីពីការចុះផ្សាយរបស់ទំព័រសារព័ត៌មាន SB Post News

  • 2.7ពាន់
  • ដោយ SEANGHIM

ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន អ្នកសារព័ត៌មាន និង អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបថា៖ ថ្មីៗនេះមានទំព័រសារព័ត៌មាន SB Post News បានធ្វើការ ផ្សព្វផ្សាយជុំវិញករណ៏ថាៈ មានល្បែងស៊ីសងខុសច្បាប់ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដែលជាសេនាធិការជូន_គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង អនុវត្តនូវគ្រប់វិធានការនានា សំដៅធ្វើឲ្យសហគមន៍ ភូមិ-ឃុំ-សង្កាត់ទទួលបានសុវត្ថិភាពល្អ ស្របតាមគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ។ រាល់ពេលដែលមានបទល្មើសនានា កើតឡើង គឺត្រូវបានកម្លាំងមានសមត្ថកិច្ចយើងធ្វើ ការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបានទាន់ពេលវេលាជាបន្តបន្ទាប់ ។ ជាក់ស្តែងបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទមាន ឆ្នោត (កន្ទុយលេខ) បៀរ ខ្លាឃ្លោក ជល់មាន់ ដែលសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវរកឃើញ ឬទទួលបាន ព័ត៌មានពីសាធារណជន គឺត្រូវបានកម្លាំងជំនាញចុះទៅធ្វើការបង្ក្រាប ក្រោមការដឹកនាំផ្ទាល់ពីតំណាងអយ្យការ អមសាលា ដំបូងខេត្តឧត្តរមានជ័យ សរុបបានចំនួន ១៩លើក ដោយឃាត់ខ្លួនមនុស្សចំនួន ៣៥នាក់ ក្នុងនោះស្រី ២៧នាក់ រួមជាមួយ វត្ថុតាងមួយចំនួន និងបានកសាងសំណុំរឿងតាមនិតិវិធី ចាត់ការតាមផ្លូវច្បាប់ ។ ម្យ៉ាងទៀតចំពោះបុគ្គលដែលលួចលាក់ បង្កប់នូវបទល្មើសនានា ដែលជ្រកក្រោមអាជ្ញាប័ណ្ណអាជីវកម្មផ្សេងៗ ប្រសិនបើសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវ ស៊ើបអង្កេត រកឃើញក៏ត្រូវបានអនុវត្តតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង និងយោគយល់ផងដែរ ។

| ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមទទួលយកនូវការរិះគន់ស្ថាបនាផ្សេងៗ និងសូមថ្លែងអំណរគុណ ចំពោះ សាធារណជនទាំងអស់ ដែលជានិច្ចកាល តែងតែចូលរួមសហការជាមួយសមត្ថកិច្ចយើង តាមរយៈការផ្តល់ព័ត៌មាន អំពីបទល្មើសនានា ធ្វើឲ្យប្រតិបត្តិការបង្ក្រាបបទល្មើសទទួលបានប្រសិទ្ធភាពខ្ពស់ ។

ទន្ទឹមនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមនានា ពិសេសទំព័រសារព័ត៌មាន SB Post News សូមឲ្យ ចូលរួមសហការបន្តទៀត ដើម្បីជួយកែលម្អ និងលុបបំបាត់នូវភាពឆកល្វែងនានា របស់សមត្ថកិច្ចយើង សំដៅធ្វើឲ្យ សហ គមន៍ ភូមិ-ឃុំ-សង្កាត់ ក្នុងខេត្តឧត្តរមានជ័យ កាន់តែទទួលបានសុវត្ថិភាពថែមទៀត ។

ដើម្បីទទួលបានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អំពីខេត្តឧត្ដរមានជ័យ តាមរយៈ t.me/oddarmeanchey

អត្ថបទទាក់ទង