នាថ្ងៃចន្ទ ១៥កើតខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមធ្វើពិធីសែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី បើកការដ្ឋានកាប់ឆ្ការត្រួសត្រាយព្រៃសម្អាតបរិវេណ ប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលមានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ស្រុកស្រីស្នំខេត្តសៀមរាប។ ក្នុងពិធីនេះមានការចូលរួមពីនគរបាលការពារបេតិកភណ្ឌខេត្ត និងមន្រ្តីជំនាញរបស់មន្ទីរ ហើយនិងប្រជាពលរដ្ឋរស់នៅជុំវិញ។
សូមបញ្ជាក់ផងដែរថា ការកាប់ឆ្ការត្រួសត្រាយព្រៃ សម្អាតបរិវេណបុរាណដ្ឋាននេះ គឺបានទទួលការជួយឧបត្ថម្ភជំនួយ ពី “កិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់(GIZ) តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ ជាពិសេសការយកចិត្តទុកដាក់និងជួយគាំទ្រពេញទំហឹង ពីឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ របស់ខេត្ត លើគម្រោង “ស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវិត ១៩” ហើយនេះជាគម្រោងទី២ ក្នុងចំណោមគម្រោងចំនួនបី ដែលអនុវត្តនដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីលើកតម្លៃ និងកែលម្អសោភ័ណភាពនៅជុំវិញបុរាណដ្ឋានប្រាសាទព្រហ្មកិល និងស្ពានទ័ព ដែលជាសម្បត្តិបេតិកណ្ឌវប្បធម៌របស់យើងទាំងអស់គ្នា។
_តាមរយៈប្រវត្តិសាស្ត្រនិងបុរាណវិទ្យា ស្ពានទ័ពគឺជាស្ពានបុរាណដែលធ្វើពីថ្មបាយក្រៀម និងមានក្បាច់លម្អ បង្កាន់ដៃនាគ ខ្លួននាគ ក្បាលនាគ ជើងទម្រនាគធ្វើពីថ្មភក់ ហើយមានទំហំធំ (ទទឹង១៦.៨០ម បណ្តោយ ១៥១ម កំពស់១០ ម) និងវែងជាងគេនៅក្នុងប្រទេសកម្ពុជា ដែលសាងឡើងនៅសម័យអង្គរ ស្ថិតនៅរចនាបថបាយ័ន ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ នៅតាមបណ្តោយផ្លូវបុរាណដ៏សំខាន់ដែលចេញពីអតីតរាជធានីអង្គរ ឆ្ពោះទៅកាន់ប្រាសាទភិមាយ (វិមាយបុរៈ) ស្ថិតនៅប្រទេសថៃឡងដ៏បច្ចុប្បន្ន។ ក្នុងនោះប្រាសាទព្រហ្មកិលក៏ជាប្រាសាទមួយដែលសាងសង់នៅជិតស្ពានទ័ពក្នុងរជ្ជកាលស្តេចជាមួយគ្នា ដែលមានតួនាទីជាហោរបន់ស្រន់នៃសាលាសំណាក់សម្រាប់អ្នកធ្វើដំណើរសម័យបុរាណ ពីគ្រប់ទិសទីចូលគោរពបូជានិងសុំការស្នាក់អាស្រ័យនៅទីនោះមុនបន្តដំណើរទៅមុខ។
ប្រភព៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ