(ឧត្ដរមានជ័យ)៖ នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ឧត្ដរមានជ័យ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក នៅទំនប់បង្ហៀរខ្ទុំឬទំនប់លោក ទំនប់បង្ហៀត្រពាំងវែង ទំនប់ទឹករលួសធំ ដែលមានទីតាំងស្ថិតនៅក្រុងសំរោង និងបឹងតាហាំ ស្ថិតក្នុងតំបន់ ប្រវត្តិសាស្ត្ររំចង់ ព្រមទាំងទីតាំងមួយចំនួនទៀតស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនោះដែរ ឯកឧត្ដមអភិបាលខេត្ត ចុះអុចធូបសុំសេចក្ដីសុខចម្រើន នៅបឹងតាហាំ ស្ថិតក្នុងតំបន់ ប្រវត្តិសាស្ត្ររំចង់ ដោយរដ្ឋបាលខេត្ត និងត្រៀមរៀបចំចុះស្ដាពើកពេញពីក្នុងបឹងតាហាំ ដែលមានទំហំផ្ទៃដីជាង២០ ហិកតា។ គម្រោងស្ដាពើកនេះដែរគឺ ដើម្បីរក្សាបរិមាណ និងគុណភាពទឹក និងបានទទួលការជួយឧបត្ថម្ភជំនួយពី “កិច្ចសហប្រតិបត្តិការណ៍អាល្លឺម៉ង់(GIZ) តាមរយៈ រដ្ឋបាលខេត្តឧត្តរមានជ័យ ជាពិសេសដោយមានការយកចិត្តទុកដាក់ និងជួយគាំទ្រពី ឯកឧត្តម អភិបាលខេត្ត ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដំណាក់កាលទី៤ របស់ខេត្ត លើគម្រោង “ស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមាតុភូមិនិវត្តន៍ពីប្រទេសថៃដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩”៕