(គេហទំព័ររដ្ឋបាលខេត្តកំពុងធ្វើការកែសម្រួល)
ប្រវត្តិនៃការកកើតខេត្តឧត្តរមានជ័យ
- បង្កើតលើកទី១ នៅឆ្នាំ១៩៦៤ តាមព្រះរាជក្រមលេខ ១៩៤ ប.រ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៦៤។
- បង្កើតលើកទី២ ដោយព្រះរាជក្រមលេខ ២៨៤ ប.រ ចុះថ្ងៃទី០១ មីនា ឆ្នាំ១៩៦៦ នៅសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក្រោមព្រះរាជកិច្ចដឹកនាំដោយសម្ដេចព្រះបាទ នរោត្តមសីហនុ ប៉ុន្តែក្រោយឆ្នាំ១៩៧០ សង្គ្រាមបានឆាបឆេះឡើង រាល់រចនាសម្ព័ន្ធរដ្ឋបាលត្រូវបានលើកទីតាំងដាក់នៅខេត្តសៀមរាប។
- បង្កើតលើកទី៣ យោងព្រះរាជក្រឹត្យលេខ នស/រកត/០១៩៥/០៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៥ ខេត្តនេះត្រូវបានបង្កើតឡើងសារជាថ្មីផ្ដាច់ចេញពីខេត្តសៀមរាប នៅពេលនោះ រាល់រចនាសម្ព័ន្ធពុំទាន់ដំណើរការនៅឡើយ លុះដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានប្រកាសដាក់ឲ្យដំណើរការ ការងាររដ្ឋបាលជាផ្លូវការ។
ខេត្តឧត្តរមានជ័យ គឺជាខេត្តចុងក្រោយគេបង្អស់ក្នុងទូទាំងប្រទេសដែលបានសម្រេចធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៩៨ ក្រោយយុទ្ធសាស្ត្រ នយោបាយ “ឈ្នះ-ឈ្នះ” របស់ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបញ្ចប់សង្គ្រាមផ្ទៃក្នុងទាំងស្រុងចេញពីប្រទេសកម្ពុជា។
និមិត្ដសញ្ញាខេត្ដឧត្ដរមានជ័យ
ប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់នូវនិមិត្ដសញ្ញាខេត្ដឧត្ដរមានជ័យ
ខ្លឹមសារ
និមិត្តសញ្ញារបស់ខេត្តឧត្តរមានជ័យ
I. ព្រះលោកេស្វរៈ
ព្រះលោកេស្វរៈ ជាអវតាព្រះវិស្ណុ តំណាងឲ្យសេចក្តីសុខ ការបង្រួបបង្រួមសាសនា គ្មានជំលោះសាសនា រឺជំលោះផ្សេងៗកើតឡើង មានព្រះវិស្ណុ នៅទីណា ទីនោះនឹងមានសេចក្តីសុខ យ៉ាងបរិបូរណ៍ ។
II. កេត្តនៈភ័ណ្ឌ
១. កងចក្រ : តំណាង រដ្ឋបាលគ្រប់គ្រងដែនដី អំណាចគ្រប់គ្រងដ៏មានបារមី កំចាត់អំពើអាក្រក់ ។
២. គម្ពីវេទ : តំណាងឲ្យ ការប្រកាន់គោលច្បាប់ជាធំ ពិសេសច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់គោល ។
៣. ដំបងមោងកស :តំណាងវិស័យការពារជាតិ មានកងកំលាំងប្រដាប់អាវុធដ៏រឹងមាំរបស់ជាតិ។
៤. ព្រះពុទ្ធ : តំណាងឲ្យការគោរពព្រះពុទ្ធសាសនា ដែលជាសាសនាតែមួយរបស់ជាតិ ។
៥.តុមកំបោរ ឬ ថូទឹក : តំណាងឲ្យវិស័យសុខាភិបាលមានការព្យាបាលដ៏សក្តិសិទ្ធនាំឲ្យចាកផុតទុក្ខទាំងពួង ។
៦. ផែនដី : តំណាងឲ្យវិស័យបរិស្ថាន ដែលផ្តល់នូវភាពអនុគ្រោះគ្រប់យ៉ាងដល់ជីវិតរស់នៅ ។
៧. ផ្កាឈូក : តំណាងឲ្យវិស័យ អប់រំ សិក្សាធិការ ការបណ្តុះបណ្តាលធនធានមនុស្សល្អសំរាប់សង្គម ។
៨. ខ្យងស័ង្ខ : តំណាងប្រពៃណីទំនៀមទំលាប់ ដ៏ល្អផូរផង់ ឥតខ្ចោះ របស់ជនជាតិខ្មែរ ។
និមិត្តសញ្ញារបស់ខេត្តឧត្តរមានជ័យ